ខេត្តព្រះសីហនុរៀបចំការប្រណាំងឡាន និងម៉ូតូសាកល្បង “SPEEDSTER SUPER 4T” ដើម្បីត្រៀមព្រឹត្តិការណ៍អន្តរជាតិ និងបុណ្យសមុទ្រចុងឆ្នាំ២០២៦
ខេត្តព្រះសីហនុ : មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានសហការជាមួយភោជនីយដ្ឋាន Flame and Bistro Resort រៀបចំពិធីប្រណាំងរថយន្ត និងម៉ូតូសាកល្បងមួយ ក្រោមឈ្មោះថា “SPEEDSTER SUPER 4T” ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅខេត្តព្រះសីហនុ ។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានមាន ប្រសាសន៍ឱ្យដឹងថា ការប្រណាំងសាកល្បងនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពកីឡាករ ដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រកួតកម្រិតអន្តរជាតិនៅចុងឆ្នាំ២០២៦ ខាងមុខ ក៏ដូចជាត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ «ពិធីបុណ្យសមុទ្រ» ដែលខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះ។
វិញ្ញាសាការប្រកួតនៅថ្ងៃនេះ មាន ២ ប្រភេទ គឺការប្រណាំងម៉ូតូចំនួន ៧ ជុំ ស្មើនឹង ៧ គីឡូម៉ែត្រ និងការប្រណាំងឡានចំនួន ១០ជុំ ស្មើនឹង ១០គីឡូម៉ែត្រ មានកីឡាករចូលរួមសរុបចំនួន ៣២នាក់ កីឡាករម៉ូតូ ១៦នាក់ និងកីឡាករឡាន ១៦នាក់ មកពីបណ្តាប្រទេសចូលរួម មានកម្ពុជា សិង្ហបុរី ហ្វីលីពីន និងហូឡង់ ។
ក្នុងនាមមន្ទីរទេសចរណ៍ លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការសហការជាមួយវិស័យឯកជន។ លោកបានសំណូមពរដល់ដៃគូរពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមហ៊ុនរៀបចំកម្មវិធី ត្រូវយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងសុវត្ថិភាព ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានាទទួលបានជោគជ័យតាមផែនការ។
ទន្ទឹមនឹងនេះ លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុឱ្យបានច្រើនកុះករ ទាំងនៅតាមតំបន់ឆ្នេរ រមណីយដ្ឋានសំខាន់ៗ តាមបណ្តាកោះ និងតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗដែលមាននៅក្នុងខេត្តព្រះសីហនុ ៕
រូបភាព/អត្ថបទ៖ វណ្ណថៃ



