ជំនួបប្រជុំទ្វេភាគីជាមួយអង្គការ The Global Fund to Fight AIDS, Tuberculosis and Malaria ដើម្បីបន្តកិច្ចសហប្រតិបត្តិការកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់នៅកម្ពុជា។

នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាលកម្ពុជា អមដោយ ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ លោកស្រី Sylwia Murray អ្នកគ្រប់គ្រងកញ្ចប់មូលនិធិ (Fund Portfolio Manager) និងផ្នែកគ្រប់គ្រងជំនួយប្រចាំក្រុមការងារអាសុី (Asia Team, Grant Management Division) នៅទីស្នាក់ការ Global Fund។

ជំនួបនេះមានគោលបំណងពិនិត្យវឌ្ឍនភាពនៃកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់នៅកម្ពុជា ដោយផ្តោតលើការពិភាក្សាអំពីបញ្ហាប្រឈមផ្នែកហិរញ្ញប្បទាន និងស្វែងរកយុទ្ធសាស្ត្រប្រកបដោយចីរភាព ដើម្បីធានាថាកម្ពុជាអាចបន្តរក្សាបាននូវសមិទ្ធផល និងឈានទៅលុបបំបាត់ជំងឺទាំងបីនេះឱ្យបានពេញលេញ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ The Global Fund ដែលបានឧបត្ថម្ភគាំទ្រដល់កម្ពុជាអស់រយៈពេលជាងពីរទសវត្សរ៍។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា ការគាំទ្រនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាកើត និងស្លាប់ដោយសារជំងឺអេដស៍ របេង និងគ្រុនចាញ់ ព្រមទាំងពង្រឹងប្រព័ន្ធសុខាភិបាលនៅតាមមូលដ្ឋាន។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តក្នុងការបន្តវិនិយោគសម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺទាំងបីនេះ ស្របតាមយុទ្ធសាស្ត្ររបស់ The Global Fund ហើយដែលការបន្តគាំទ្រយ៉ាងសកម្ម តាមគ្រប់រូបភាពរបស់ The Global Fund និងដៃគូអភិវឌ្ឍន៍ពហុភាគីនឹងធានាបានការរក្សាប្រសិទ្ធិភាពយូរអង្វែង និងចីរភាពនៃប្រពន្ធ័ភាពធនសុខាភិបាល។

ជាការឆ្លើយតប លោកស្រី Sylwia Murray អង្គការ  Global Fund បានកោតសរសើរចំពោះការប្តេជ្ញាចិត្ត និងសមិទ្ធផលរបស់កម្ពុជា ដែលត្រូវបានចាត់ទុកថាជាប្រទេសគំរូមួយក្នុងការគ្រប់គ្រងជំងឺអេដស៍ របេង និងគ្រុនចាញ់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងសាកល។ លោកស្រី បានលើកឡើងថា The Global Fund កំពុងប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកហិរញ្ញប្បទានជាសកល ប៉ុន្តែបានបញ្ជាក់ថា The Global Fund នឹងបន្តគាំទ្រកម្ពុជាតាមរយៈជំនួយបច្ចេកទេស ដើម្បីពង្រឹងប្រព័ន្ធឃ្លាំមើល និងការឆ្លើយតប ការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ថ្មីៗ ការគាំទ្រក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលសហគមន៍៕