កម្ពុជា ទទួលបានពានរង្វាន់ “គោលដៅទេសចរណ៍ដែលមានលក្ខណៈលេចធ្លោបំផុត” ក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ GITF ឆ្នាំ២០២៦ នៅទីក្រុងក្វាងចូវ
(ខេត្តក្វាងចូវ-ប្រទេសចិន)៖ លោក យុក សេងពន្លឺ អនុព័ន្ធទេសចរណ៍ប្រចាំប្រទេសចិន តំណាងក្រសួងទេសចរណ៍បានចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ Guangzhou International Travel Fair (GITF) ឆ្នាំ២០២៦ ដែលបានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍នាំចេញនាំចូលចិន (Canton Fair Complex) នៅទីក្រុងក្វាងចូវ ខេត្តគ័ងតុង នៃសាធារណរដ្ឋប្រជាមានិតចិន។
ព្រឹត្តិការណ៍ Guangzhou International Travel Fairs 2026 មានការចូលរួមពីអ្នកទិញ អ្នកលក់ជាតិ-អន្តរជាតិជាច្រើន រួមមាន៖ ស្តង់ពិព័រណ៍ចំនួន ១០០០ស្តង់ មកពី ៥៥ប្រទេស និងតំបន់ និងចាក់ទុកជាពិព័រណ៍ទេសចរណ៍អន្តរជាតិដ៏ធំ ដោយមានការចូលរួមពីស្ថាប័នទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ និងអាជីវកម្មទេសចរណ៍ពីបណ្តាប្រទេសជាច្រើន ហើយត្រូវបានគេរំពឹងថានឹងទទួលបានភ្ញៀវទេសចរចូលទស្សនាជាង ៣ម៉ឺន ៩ពាន់នាក់។ តាមរយៈព្រឹត្តិការណ៍នេះ កម្ពុជាបានទទួលពានរង្វាន់ “The Most Distinctive Tourism Destination” ។
ពិព័រណ៍នេះបានដើរតួនាទីសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ ការភ្ជាប់ទំនាក់ទំនងអាជីវកម្ម និងការទាក់ទាញវិនិយោគវិស័យទេសចរណ៍។ ប្រធានបទសំខាន់ៗផ្តោតលើការស្ដារវិស័យទេសចរណ៍ ការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ ទេសចរណ៍វប្បធម៌ ទេសចរណ៍ MICE និងទេសចរណ៍ប្រកបដោយចីរភាព។
តាមរយៈពិព័រណ៍នេះ វិស័យទេសចរណ៍កម្ពុជាទទួលបានការចាប់អារម្មណ៍ពីអ្នកចូលទស្សនា (ទេសចរចិន) ជាពិសេសលើទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ និងគោលដៅទេសចរណ៍តំបន់ឆ្នេរ។ ទន្ទឹមនឹងនេះ ពិព័រណ៍ក៏បានផ្តល់ឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនទេសចរណ៍ សមាគមទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ និងស្ថាប័នពាក់ព័ន្ធរបស់ចិន ដើម្បីបន្តផ្សព្វផ្សាយកម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងមានសក្តានុពលសម្រាប់ទីផ្សារចិន។



