«សុខាភិបាលកម្ពុជា កំពុងដើរតួនាទីគំរូ ថ្នាក់តំបន់ និងកម្រិតសកល លើសុវត្ថិភាពអ្នកជំងឺ JCI-Patient Safety Pathways» ស្តែងចេញពីលទ្ធផលសិក្សា ដែលអង្គការអន្តរជាតិវាយតម្លៃទទួលស្គាល់គុណភាពសុខាភិបាល JCI។
ទីក្រុងហ្សឺណែវ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រីបណ្ឌិត Neelam Dhingra អនុប្រធាន និងជាប្រធានទទួលបន្ទុកផ្នែកសុវត្ថិភាពអ្នកជំងឺសកលនៃអង្គការអន្តរជាតិ Joint Commission International (JCI) ដែលជាអង្គការវាយតម្លៃទទួលស្គាល់គុណភាពសុខាភិបាល ធំជាងគេនៅសហរដ្ឋអាមេរិក និងកម្រិតស្តង់ដារពិភពលោក។
ជំនួបនេះមានគោលបំណង បង្ហាញពីការបន្តពង្រីកកិច្ចសហការ នៃការរៀបចំទទួលស្គាល់ស្តង់ដារសុវត្ថិភាពអ្នកជំងឺកម្រិតសកលសម្រាប់កម្ពុជា ដោយផ្តើមពីការចូលរួមឆ្លុះបញ្ចាំង និងអនុវត្តពីបណ្តាមន្ទីរពេទ្យជាតិ ហើយដែលនឹងត្រូវបន្តពង្រីកដល់គ្រប់មន្ទីរពេទ្យសម្ព័ន្ធមេត្រី និងសហគមន៍។
កម្ពុជាបានសហការអនុវត្ត JCI-Patient Safety Pathways នៅកម្រិតជាតិ និងខេត្តមួយចំនួន តាមរយៈការសិក្សាពីក្រុមការងារ JCI លើមន្ទីរពេទ្យគំរូចំនួនបីរួចមកហើយ ដោយបានបញ្ចូលលក្ខណៈវិនិច្ឆ័យសុវត្ថិភាពអ្នកជំងឺ កម្រិតស្តង់ដារអន្តរជាតិនៃJCI ទៅក្នុងប្រព័ន្ធវាយតម្លៃគុណភាពមន្ទីរពេទ្យ (CHAS)។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើទស្សនវិស័យសុខាភិបាលថា «មិនមានគុណភាពទេ ប្រសិនបើសិនមិនមានសុវត្ថិភាព – No Quality without Safety» ដែល «សុវត្ថិភាពអ្នកជំងឺ» នេះគឺជាមូលដ្ឋានគ្រឹះដំបូងបង្អស់ (The 1st Pillar) សម្រាប់ការឈានទៅការបម្រើសេវាប្រកបដោយគុណភាព ប្រសិទ្ធភាព សក្ត័សិទ្ធិភាព និងសមធម៌ពិតប្រាកដ។
លោកស្រីបណ្ឌិត Neelam Dhingra បានសម្តែងការកោតសរសើរចំពោះចក្ខុវិស័យនៃភាពជាអ្នកដឹកនាំសុខាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ការសម្រេចចិត្តជានយោបាយគាំទ្រពេញទំហឹង លើសុវត្ថិភាពអ្នកជំងឺ សម្រាប់ប្រជាជនកម្ពុជា និងគ្រប់អ្នកជំងឺទាំងអស់នៅកម្ពុជា ដែលនេះជាគំរូសម្រាប់ពិភពលោក ហើយកម្ពុជាត្រូវត្រៀមខ្លួនយកបទពិសោធន៍ នៃការអនុវត្តដ៏ល្អនេះ (Patient Safety Pathways Best Practices) មកបង្ហាញឱ្យពិភពលោកដឹង ត្បិតមានប្រទេសជាច្រើនទៀតដែលចង់រៀនសូត្រដកពិសោធន៍ពីសុខាភិបាលកម្ពុជាផងដែរ។ លោកស្រីបញ្ជាក់បន្ថែមថា អង្គការទទួលស្គាល់គុណភាពអន្តរជាតិJCI បន្តនៅជាមួយកម្ពុជា បន្តគាំទ្រ និងផ្តល់ប្រឹក្សាជំនាញ៕



