ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង ស្តីពី “ការអនុវត្តចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេស និង ការកត់ត្រាទិន្នន័យចំណាយគម្រោងវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស ក្នុង FMIS” ដើម្បីលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានតម្លាភាពគណនេយ្យភាព និង ប្រសិទ្ធភាព

ក្នុងគោលបំណងពង្រឹងការយល់ដឹង និង ជំរុញការអនុវត្តនីតិវិធីគ្រប់គ្រងចំណាយវិនិយោគសាធារណៈ ឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាព, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពី ការអនុវត្តចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេស និង ការកត់ត្រាទិន្នន័យចំណាយគម្រោងវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស ក្នុង FMIS” នាព្រឹកថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៦ នៅសណ្ឋាគាររ៉ាហ្វ៊ល ឡឺ រ៉ូយ៉ាល់ ។

កម្មវិធីនេះត្រូវបានដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS, តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអគ្គនាយកដ្ឋានសំខាន់ៗ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ថ្លែងក្នុងឱកាសនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា កម្មវិធីនេះជាផ្នែកមួយនៃផែនការអនុវត្តគម្រោង FMIS ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដោយបានចែងច្បាស់ នូវចក្ខុវិស័យ ក្នុងការប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយ ដែលផ្តោតលើលទ្ធផល ឬ សមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ ស្របតាមស្តង់ដា និង ឧត្តមានុវត្តន៍

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ក្នុងដំណាក់កាលនេះ ការអនុវត្តចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេស ត្រូវបានដាក់ឱ្យអនុវត្តបន្ថែមទៅក្រសួង ចំនួន ៨ រួមមាន៖ ១). ក្រសួងមហាផ្ទៃ,២). ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ៣). ក្រសួងសុខាភិបាល, ៤). ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ៥). ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ៦). ក្រសួងធនធានទឹក និងឧតុនិយម, ៧). ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ៨). ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។ តាមរយៈ FMIS, ក្រសួង-ស្ថាប័នអាចស្នើសុំធានាចំណាយ អនុវត្តកិច្ចលទ្ធកម្ម និង ទូទាត់ចំណាយ តាមរំហូរអនុម័តដែលមានភាពច្បាស់លាស់ និង អាចតាមដានបាន ។
ជាមួយគ្នានេះ, ការកត់ត្រាទិន្នន័យចំណាយគម្រោងវិនិយោគសាធារណៈ ដោយហិរញ្ញប្បទានក្រៅប្រទេស នឹងត្រូវដាក់ឱ្យអនុវត្តបន្ថែមទៅក្រសួង ចំនួន ៣ គឺ ១). ក្រសួងអប់រំ យុវជន និង កីឡា, ២).ក្រសួងសុខាភិបាល និង ៣). ក្រសួងធនធានទឹក និង ឧតុនិយម ។ ការដាក់ឱ្យប្រើប្រាស់ FMIS ក្នុងកិច្ចការនេះ នឹងជួយបញ្ចប់នូវការកត់ត្រាទិន្នន័យបែបដាច់ដោយឡែក តាមឯកសារ ឬ តារាងក្រៅប្រព័ន្ធ និង ផ្តល់នូវទិន្នន័យចំណាយពេញលេញ ស្របតាមគតិយុត្ត និង ងាយស្រួលសម្រាប់ការរៀបចំរបាយការណ៍ និង ការសម្រេចចិត្ត បានឆាប់រហ័ស និង មានភាពសុក្រឹតខ្ពស់ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមទៀតថា ការអនុវត្ត FMIS នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ដោយអនុញ្ញាតឱ្យមានការតាមដានរំហូរអនុម័តតាមដំណាក់កាល, ការទទួលបានទិន្នន័យចំណាយ និង ស្ថានភាពសាច់ប្រាក់ ទាន់ពេលវេលា ព្រមទាំងកាត់បន្ថយនីតិវិធីក្រៅប្រព័ន្ធ និង ការប្រើប្រាស់ឯកសារក្រដាស ។ ហើយការចូលរួមអនុវត្តការងារនេះ ក៏ជាមូលដ្ឋានសំខាន់សម្រាប់ការបន្តអភិវឌ្ឍ ឆ្ពោះទៅរកប្រព័ន្ធថវិកាឌីជីថលពេញលេញ និង ការរួមចំណែកក្នុងការពង្រឹងឱ្យបាននូវ តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព, ជាពិសេស ការធ្វើឱ្យមានអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងថវិកា សម្រាប់ការវិនិយោគសាធារណៈនៅកម្ពុជា ។

ជាចុងបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ បានអំពាវនាវឱ្យក្រសួង-ស្ថាប័ន និង គ្រប់អង្គភាពពាក់ព័ន្ធ បន្តពង្រឹងភាពជាម្ចាស់ និង សមត្ថភាពជូនមន្ត្រីទទួលបន្ទុក តាមរយៈការចាត់មន្ត្រីទទួលបន្ទុកឱ្យចូលរួមវគ្គបណ្តុះបណ្តាល កិច្ចសហការផ្តល់ធាតុចូល និង រួមគ្នាអនុវត្តការងារក្នុងស្មារតីតម្កល់ “ឧត្តមនិយម” នៃផលប្រយោជន៍ជាតិ ដើម្បីជំរុញការដាក់ឱ្យប្រើប្រាស់ FMIS ទទួលបានជោគជ័យតាមផែនការ ក្នុងគោលដៅចូលរួមចំណែកធានាឱ្យបាននូវការវិនិយោគសាធារណៈ ដែលនាំមកនូវការអភិវឌ្ឍជាតិ ប្រកបដោយចីរភាព និង ផ្ដល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន ៕