ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំតម្រង់ទិស ស្តីពីការរៀបចំការពិពណ៌នាមុខតំណែងនៅតាមរចនាសម្ព័ន្ធចំណុះក្រសួងព័ត៌មាន ស្របតាមតម្រូវការការងារ និងការអភិវឌ្ឍស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព និងទំនើបកម្ម

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានរៀបចំកិច្ចប្រជុំតម្រង់ទិស ស្តីពីការរៀបចំការពិពណ៌នាមុខតំណែង នៅតាមរចនាសម្ព័ន្ធចំណុះក្រសួងព័ត៌មាន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ការគ្រប់គ្រងធនធានមនុស្ស និងការបំពេញតួនាទីភារកិច្ចរបស់មន្ត្រីរាជការ ឱ្យកាន់តែមានភាពច្បាស់លាស់ ស្របតាមតម្រូវការការងារ និងគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នាសាលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងព័ត៌មាន ដោយផ្តោតសំខាន់លើការណែនាំអំពីគោលការណ៍ នីតិវិធី និងវិធីសាស្ត្ររៀបចំការពិពណ៌នាមុខតំណែង សម្រាប់មុខតំណែងនីមួយៗនៅតាមអង្គភាព៕