ពិធីបើកវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៨ នៅសាលាភូមិន្ទរដ្ឋបាល

ក្រសួងមុខងារសាធារណៈ ដែលមានអគ្គលេខាធិការដ្ឋានកំណែទម្រង់រដ្ឋបាលសាធារណៈ និងសាលាភូមិន្ទរដ្ឋបាលជាអង្គភាពប្រតិបត្តិ នាសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវានុវត្តជំនាន់ទី៨ ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នៅសាលាភូមិន្ទរដ្ឋបាល ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីដៃគូអភិវឌ្ឍរួមមាន តំណាងធនាគារពិភពលោក សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ  គណៈគ្រប់គ្រងនៃសាលាភូមិន្ទរដ្ឋបាល គ្រូបង្គោល និងសិក្ខាកាមនៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី8 ដែលសិក្ខាកាមចូលរួមគឺជា ថ្នាក់ដឹកនាំជាន់ខ្ពស់កម្រិតប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការ ឬមុខតំណែងប្រហាក់ប្រហែលតាមបណ្ដាក្រសួង ស្ថាប័នថ្នាក់ជាតិ ចំនួន៣២ និងមានមុខតំណែងអភិបាលក្រុង ស្រុក ខណ្ឌ នាយករដ្ឋបាល ឬមុខតំណែងប្រហាក់ប្រហែល រហូតដល់អភិបាលរាជធានី ខេត្តចំនួន២០ សរុបប្រមាណ២០០នាក់ ដោយក្នុងនោះសិក្ខាកាមជំនាន់ទី8 មានចំនួន១៧៥នាក់ (ស្រី២៦នាក់)។

នៅក្នុងពិធីឯកឧត្តម យក់ ប៊ុនណា បានមានប្រសាសន៍ថា
មុននឹងរៀបចំវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ជំនាន់ទី៨នាថ្ងៃនេះ សាលាភូមិន្ទ   រដ្ឋបាលបានរៀបចំវគ្គបណ្ដុះបណ្ដាលខាងលើនេះបានចំនួន7ជំនាន់រួចមកហើយ ដែលមានសិក្ខាកាមទទួលបានការបណ្តុះបណ្តាលវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សរុបចំនួន១១៧៨នាក់ ស្រី១៩៥នាក់។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាល« « ភាពជាអ្នកដឹកនាំនិង នវានុវត្តន៍» មានគោលបំណងចំនួន៣គឺ៖
− ទី១). បង្កើនសមត្ថភាពក្នុងការយល់ដឹង (Knowing)៖ បង្កើនចំណេះដឹងអំពីភាពជាអ្នកដឹកនាំនិង បង្កើន នូវ ជំនាញ និងទំនុកចិត្ត ដើម្បី បង្កើត និង អនុវត្តនូវផែនការសកម្មភាពរបស់អង្គភាព
− ទី២). បង្កើនសមត្ថភាពក្នុងការបំពេញការងារ (Doing)៖ អនុវត្តនូវទ្រឹស្ដីដើម្បីដោះស្រាយនូវបញ្ហា ប្រឈម ជាក់ស្ដែងរបស់សិក្ខាកាម ឆ្ពោះទៅសម្រេច លទ្ធផលល្អប្រសើរតាមរបៀបថ្មីឬតាមរបៀប ដែល កាន់តែឆាប់រហ័ស និងផ្ដល់សេវា     សាធារណៈ ប្រកប ដោយ គុណភាពនិងនវានុវត្តន៍
និង− ទី៣). បង្កើនសមត្ថភាពគាំទ្រគ្នា (Being)៖ ផ្នែកមួយនៃបណ្ដាញអ្នកដឹកនាំ ដែលគាំទ្រគ្នាទៅវិញទៅមក តាមរយៈការចែក រំលែក បទពិសោធជោគជ័យរបស់ខ្លួននិងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងការ ដោះស្រាយបញ្ហាប្រឈមឬ បង្កើត គម្រោងរួមគ្នាដែលមានលក្ខណអន្តរវិស័យ។
ឯកឧត្តម នាយកសាលាភូមិន្ទរដ្ឋបាល បានគូសបញ្ជាក់ថា
កម្មវិធីបណ្តុះបណ្តាលវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ (LIP) ចាប់ពីជំនាន់ទី៧ដល់ជំនាន់ទី៨នេះតទៅ សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បាននិងកំពុងធ្វើជាម្ចាស់ពេញលេញដោយទទួលបន្ទុករៀបចំកម្មវិធីបណ្តុះបណ្តាលទាំង ស្រុង ទាំងបច្ចេកទេស និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកញ្ចប់ថវិកានៃការកែទម្រង់រដ្ឋបាលសាធារណៈ។ គោលបំណងសំខាន់នៃកម្មវិធីសិក្សានេះគឺផ្តល់ការគាំទ្រជាចំណេះដឹង និងការអភិវឌ្ឍជំនាញ ក្នុងការគ្រប់គ្រងធនធានមនុស្សការដឹកនាំ និងការគ្រប់គ្រងការផ្លាស់ប្តូរអង្គភាព និងអំពីរបៀបរៀបចំកន្លែងការងារប្រកបដោយកិច្ចសហការ ល្អ និង ផលិតភាពខ្ពស់ និងផ្តល់ធនធានចាំបាច់នានា ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់  ឯកឧត្តម លោកជំទាវ លោក លោក ស្រី ដែលជាមន្ត្រីជាន់ខ្ពស់ នៅតាមក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះការសិក្សារបស់សិក្ខាកាមក្នុងវគ្គនេះគឺ៖ ទី១). សិក្ខាកាមត្រូវសិក្សាដោយខ្លួនឯងផ្ទាល់តាមរយៈប្រព័ន្ធគ្រប់គ្រងការសិក្សាតាមអនឡាញរបស់សាលាភូមិន្ទរដ្ឋបាល និងទី២). សិក្ខាកាមត្រូវសិក្សាជាមួយ គ្រូបង្គោលដោយផ្ទាល់នៅសាលាភូមិន្ទរដ្ឋបាល។ ការសិក្សាដោយផ្ទាល់ជាមួយគ្រូបង្គោលគឺជាឱកាសពង្រីកចំណេះដឹង បទពិសោធ ក៏ដូចជាឱកាសសម្រាប់សិក្ខាកាមកសាងបណ្តាញ នៃភាព ជាអ្នកដឹកនាំ ក្នុងចំណោមសិក្ខាកាមនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលនឹងជួយពង្រឹងការទំនាក់ទំនងការងារ ការដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងរដ្ឋបាលសាធារ ណៈ ឱ្យបានល្អប្រសើរ ឈានដល់ការលើកកម្ពស់គុណភាព សេវាសាធារណៈ គិតពីប្រយោជន៍សាធារណៈ និងឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។