ក្រពើភ្នំចំនួន១០ក្បាលត្រូវបានលែងចូលទៅក្នុងទន្លេស្រែពក ដើម្បីគាំទ្រការស្តារប្រភេទសត្វនៅកម្ពុជា
ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគិរី រួមជាមួយអង្គការ WWF-កម្ពុជា អង្គការ Fauna & Flora International (FFI) អាជ្ញាធរមូលដ្ឋាន និងសហគមន៍ បានលែងក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល (Crocodylus siamensis) ចូលទៅក្នុងទន្លេស្រែពក ស្ថិតក្នុងដែនជម្រកសត្វព្រៃស្រែពក បន្ទាប់ពី ដំណើរការពិគ្រោះយោបល់ និងទទួលបានការយល់ព្រមពីភាគីពាក់ព័ន្ធនៅគ្រប់កម្រិត រួមទាំងសហគមន៍ ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា កម្មវិធីលែងក្រពើភ្នំនាឱកាសនោះ បង្ហាញពីការបន្តប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ អភិរក្ស និងពង្រីកវិសាលភាពជីវៈចម្រុះជា ពិសេស និងបង្ហាញពីភាពជោគជ័យដ៏ធំធេង ក្នុងការស្ដារចំនួនសត្វព្រៃដែលជិតផុតពូជនៅលើពិភពលោក ហើយ ដែលកម្ពុជា ត្រូវបានចាត់ទុកថាជាប្រទេសដែលមានចំនួនក្រពើភ្នំធម្មជាតិរស់នៅច្រើនជាងគេ។ សមិទ្ធផលនេះ បង្ហាញពីភាពរឹងមាំនៃកិច្ចសហការរវាងក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការអភិរក្ស ដៃគូសហការ និងសហគមន៍មូលដ្ឋាន ក្នុងការធ្វើការរួមគ្នា ដើម្បីធានាអនាគតរបស់ក្រពើភ្នំ និងប្រព័ន្ធអេកូឡូស៊ីទឹកសាប មាន សុខភាពល្អ»។
លោកបណ្ឌិត Dipankar Chyau Patnaik នាយកអង្គការ WWF-កម្ពុជា មានប្រសាសន៍ថា ការលែងក្រពើភ្នំ ចូលទៅក្នុងទីជម្រកធម្មជាតិឡើងវិញនេះ បង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់អង្គការ WWF-កម្ពុជា ក្នុងការស្តារក្រពើភ្នំដែលជាប្រភេទសត្វតំណាងនៃប្រព័ន្ធអេកូឡូស៊ីទឹកសាបរបស់កម្ពុជា។ តាមរយៈការបង្កើនចំនួនសត្វ ក្រពើភ្នំញីឈ្មោល ដែលអាចបន្តពូជត្រឡប់មកកាន់ទន្លេស្រែពក យើងមិនត្រឹមតែជួយធានាការរស់រានមានជីវិត របស់វាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសុខភាព និងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីសម្រាប់ជីវៈចម្រុះ និងសហគមន៍ ដែលពឹងផ្អែកលើធនធានធម្មជាតិទាំងនេះផងដែរ។
លោក ហម ច័ន្ទដេត នាយកប្រចាំប្រទេសនៃអង្គការ Fauna & Flora International (FFI) បានបន្ថែមថា លោកមានសេចក្តីរីករាយដែលបានចូលរួមជាមួយអង្គការ WWF-កម្ពុជា ក្នុងសកម្មភាពលែងក្រពើភ្នំនេះ ដោយ ផ្អែកលើជំនាញ និងបទពិសោធន៍របស់យើងក្នុងការអភិរក្សប្រភេទសត្វនេះ។
កម្មវិធីលែងក្រពើភ្នំនេះ ឆ្លុះបញ្ចាំងពី កិច្ចសហការផ្នែកវិទ្យាសាស្ត្រ និងការវិនិយោគលើការអភិរក្សអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីស្តារប្រភេទសត្វលូន ដែលរងការគំរាមកំហែងខ្លាំងបំផុតមួយនៅអាស៊ីអាគ្នេយ៍។ កម្ពុជាបានក្លាយជាអ្នកដឹកនាំថ្នាក់តំបន់ក្នុងការអភិរក្ស សត្វក្រពើភ្នំ ហើយកម្មវិធីស្តារក្រពើភ្នំនៅទន្លេស្រែពក គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្កើនចំនួនក្រពើភ្នំ ទាំងនេះឱ្យមានវត្តមានកាន់តែច្រើនឡើងវិញ។
សូមបញ្ជាក់ថា ក្រពើភ្នំត្រូវបានចាត់ថ្នាក់ជា «ប្រភេទជិតផុតពូជបំផុត» នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយគេជឿថា នៅសល់តិចជាង ១,០០០ក្បាលប៉ុណ្ណោះនៅក្នុងទីជម្រកធម្មជាតិនៅទូទាំងពិភពលោក៕



