លែង«ក្រពើភ្នំ» ចំនួន១០ក្បាល ដែលជាប្រភេទជិតផុតពូជបំផុតលើភពផែនដី ចូលក្នុងទន្លេស្រែពក

ខេត្តមណ្ឌលគិរី ៖ តាមរយៈសេចក្តីប្រកាសរួម ចេញថ្ងៃទី២១ឧសភានេះ បានឱ្យដឹងថា ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រដ្ឋបាលខេត្តមណ្ឌលគិរី អង្គការ WWF-កម្ពុជា អង្គការ Fauna & Flora International (FFI) អាជ្ញាធរមូលដ្ឋាន និងសហគមន៍ សហការគ្នា លែងក្រពើភ្នំពូជសុទ្ធចំនួន១០ក្បាល ចូលទៅក្នុងទន្លេស្រែពក។

ក្រពើភ្នំត្រូវបានចាត់ថ្នាក់ជា «ប្រភេទជិតផុតពូជបំផុត» នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលនៅសល់តិចជាង១ពាន់ក្បាលប៉ុណ្ណោះ នៅក្នុងទីជម្រកធម្មជាតិនៅទូទាំងពិភពលោក។ ការលែងក្រពើភ្នំនេះ មានគោលបំណងបង្កើនចំនួនក្រពើភ្នំដែលមានចំនួនតិច និងបែកខ្ញែកនៅក្នុងប្រព័ន្ធ ទន្លេស្រែពក និងគាំទ្រការស្តារចំនួនប្រភេទសត្វនេះ ក្នុងរយៈពេលវែង តាមរយៈវិធានការអភិរក្សផ្អែកលើវិទ្យាសាស្រ្ត។ មួយវិញទៀត ជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីស្តារប្រភេទក្រពើដែលជិតផុតពូជបំផុតមួយនៅលើពិភពលោក និងពង្រឹងការអភិរក្ស ប្រព័ន្ធអេកូឡូស៊ីទឹកសាបនៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត។

លើសពីនេះ ក៏ជាលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្រ្តអំពីចំនួនសត្វព្រៃ ការវាយតម្លៃទីជម្រកធម្មជាតិ ការរៀបចំផែនការអភិរក្ស និងការចូលរួមពីសហគមន៍អស់រយៈពេលជាច្រើនឆ្នាំ។ សូមជម្រាបថា កាលពីឆ្នាំ២០២១ ក្រុមស្រាវជ្រាវរបស់អង្គការ WWF-កម្ពុជា បានកត់ត្រាតាមរយៈរូបថតជាលើកដំបូងនៃក្រពើភ្នំ ដែលញាស់ដោយធម្មជាតិនៅក្នុងទន្លេស្រែពក នេះបញ្ជាក់ថា ក្រពើភ្នំនៅតែបន្តបង្កាត់ពូជដោយជោគជ័យនៅក្នុងទីជម្រកធម្មជាតិ និងបង្ហាញពីសារសំខាន់របស់ទន្លេស្រែពកជាតំបន់អាទិភាពសម្រាប់ការស្តារក្រពើភ្នំ៕