រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវជាពិសេសដល់សិស្ស និស្សិត និងយុវជនទាំងអស់សូមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដោយប្រាជ្ញា សុជីវធម៌ និងការទទួលខុសត្រូវ,មុននឹងចុច Like, Share ឬ Comment សូមគិតថា តើសកម្មភាពរបស់យើងនឹងជួយលើកកម្ពស់សង្គម ឬអាចបង្កផលប៉ះពាល់ដល់អ្នកដទៃ
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា យុវជនគឺជាកម្លាំងសំខាន់ក្នុងការបង្កើតវប្បធម៌ឌីជីថលដែលស្អាតស្អំ មានសីលធម៌ និងមានភាពច្នៃប្រឌិត។ ប្រសិនបើយុវជនប្រើប្រាស់បច្ចេកវិទ្យាដោយមានប្រាជ្ញា និងការទទួលខុសត្រូវ បណ្តាញសង្គមនឹងក្លាយជាឧបករណ៍សម្រាប់ការអប់រំ ការអភិវឌ្ឍចំណេះដឹង ការច្នៃប្រឌិត និងការលើកកម្ពស់តម្លៃជាតិ។ ប៉ុន្តែប្រសិនបើយើងប្រើប្រាស់ដោយខ្វះការយល់ដឹង វាអាចក្លាយជាឧបករណ៍បំពុលសង្គម បំផ្លាញសីលធម៌ និងប៉ះពាល់ដល់អនាគតរបស់យុវជនផងដែរ។ ដូច្នេះហើយ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការអំពាវនាវជាពិសេសដល់សិស្ស និស្សិត និងយុវជនទាំងអស់សូមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដោយប្រាជ្ញា សុជីវធម៌ និងការទទួលខុសត្រូវ,មុននឹងចុច Like, Share ឬ Comment សូមគិតថា តើសកម្មភាពរបស់យើងនឹងជួយលើកកម្ពស់សង្គម ឬអាចបង្កផលប៉ះពាល់ដល់អ្នកដទៃ។
ជាមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា ពិធីករ ពិធីការិនី អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម ម្ចាស់ផលិតផល និងអ្នកពាក់ព័ន្ធទាំងអស់ សូមរួមគ្នាគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងចូលរួមផលិត ផ្សព្វផ្សាយ និងចែករំលែកមាតិកាល្អៗ ប្រកបដោយគុណភាព សុជីវធម៌ និងការទទួលខុសត្រូវខ្ពស់ចំពោះសង្គម។
ឯកឧត្តម បានបញ្ជាក់ដែរថា ក្នុងនាមជាអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ពិធីករ ពិធីការិនី និងអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម យើងត្រូវទទួលស្គាល់ និងចងចាំជានិច្ចថា ចំនួន Likes, Shares និង Views មិនអាចក្លាយជាគោលដៅសំខាន់លើសតម្លៃសីលធម៌ សច្ចៈធម៌ សុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គមបានឡើយ។ អ្នកដែលមានវត្តមានលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម មានឥទ្ធិពលយ៉ាងខ្លាំងលើការគិត ការយល់ឃើញ រសនិយម និងការផ្លាស់ប្តូរឥរិយាបថរបស់សាធារណជន ជាពិសេសយុវជន។ ដូច្នេះ មាតិកាដែលបានផលិត និងផ្សព្វផ្សាយ ត្រូវផ្អែកលើការពិត ភាពត្រឹមត្រូវ គុណធម៌ សច្ចៈធម៌ សីលធម៌ សុចរិតភាព និងការគោរពតម្លៃមនុស្ស។
ការអំពាវនាវនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបិទសិក្ខាសាលាស្តីពី “រួមគ្នាលើកកម្ពស់សីលធម៌ លើប្រព័ន្ធផ្សព្វផ្សាយ”
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង ដោយមានសិក្ខាកាមចូលពីអ្នកសារព័ត៌មាន តំណាងអង្គភាពសារព័ត៌មាន ពិធីករ ពិធីការិនី អ្នកផលិតមាតិកា តំណាងសមាគមសិល្បៈ អ្នកផ្សាយពាណិជ្ជកម្ម ម្ចាស់ផលិតផល និងសិស្ស និស្សិត៕



