ដំណឹងល្អសម្រាប់ពលរដ្ឋខេត្តព្រះសីហនុ! ថ្នាក់ដឹកនាំខេត្តកំពុងអន្តរាគមន៍ដោះស្រាយសេវាសាធារណៈដែលកកស្ទះ
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីពង្រឹងប្រសិទ្ធភាពការផ្តល់សេវារដ្ឋបាលតាមរយៈយន្តការអង្គភាពច្រកចេញចូលតែមួយ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលកំពុងជាប់គាំងនៅក្នុងក្រុង-ស្រុកទាំង៦ នៃខេត្តព្រះសីហនុ សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែលឿន និងមានតម្លាភាព។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តជាន់ទី១ ក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអភិបាលក្រុង-ស្រុកទាំង៦ ផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ទៅលើការពិនិត្យ និងជំរុញការផ្តល់សេវារដ្ឋបាលសរុបចំនួន ៧៥៣សេវា ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ របៀបវារៈចម្បងគឺការស្វែងរកឫសគល់នៃបញ្ហា និងដោះស្រាយរាល់ការកកស្ទះទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋ និងធុរជននៅក្នុងខេត្ត។
បន្ទាប់ពីបានស្តាប់ការណែនាំរួចមក តំណាងមន្ទីរ-អង្គភាព និងអភិបាលក្រុង-ស្រុកទាំង៦ បានធ្វើការរាយការណ៍ពីវឌ្ឍនភាព ព្រមទាំងបញ្ហាប្រឈមនានាដែលបានជួបប្រទះកន្លងមក ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការអនុវត្តតាមទិសដៅការងាររបស់រដ្ឋបាលខេត្ត។
កិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានសេវាសាធារណៈរហ័ស គួរឱ្យទុកចិត្ត និងមានប្រសិទ្ធភាពខ្ពស់៕

រូបភាព៖ លោក អ៊ូ ជោត
អត្ថបទ៖ កញ្ញា មឿន ស្រីមុំ


