ឯកឧត្តម វង សូត បង្ហាញសមិទ្ធផលច្បាប់សំខាន់ៗ និងជំរុញអាជ្ញាធរអូររាំងឪ ត្រៀមលក្ខណៈឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧

ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ពិធីនេះមានការចូលរួមពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ព្រមទាំងឯកឧត្តម លោកជំទាវ ជាតំណាងរាស្ត្រ និងប្រធានក្រុមប្រឹក្សាខេត្តផងដែរ។

នៅក្នុងពិធី ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានរំលេចនូវសមិទ្ធផលនីតិកម្ម និងទិសដៅនយោបាយសំខាន់ៗមួយចំនួន រួមមាន ៖ ទី១.ការពង្រឹងខឿនការពារជាតិ តាមរយៈ «ច្បាប់ស្តីពីកាតព្វកិច្ចយោធា» ដោយឯកឧត្តមបានលើកឡើងពីច្បាប់ដែលរដ្ឋសភាទើបអនុម័តថ្មីៗនេះ គឺ «ច្បាប់ស្តីពីកាតព្វកិច្ចយោធា» ក្នុងគោលបំណងពង្រឹងសមត្ថភាពយុវជនក្នុងការការពារជាតិ។

ឯកឧត្តមបានបញ្ជាក់ថា ច្បាប់នេះមិនមែនជារឿងដោយឡែករបស់កម្ពុជានោះទេ ព្រោះប្រទេសជាច្រើននៅលើពិភពលោកក៏មានច្បាប់នេះដែរ។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យយុវជនមានមោទនភាពក្នុងការបំពេញកាតព្វកិច្ចនេះ និងបានស្នើឱ្យរាជរដ្ឋាភិបាលអនុវត្តច្បាប់នេះឱ្យបានពេញលេញ ប្រកបដោយតម្លាភាព និងយុត្តិធម៌។

ទី ២. យុត្តិធម៌ប្រវត្តិសាស្ត្រ ក្នុង «ទិវាជាតិនៃការចងចាំ ២០ ឧសភា»ចំថ្ងៃទិវាជាតិនៃការចងចាំនេះដែរ ឯកឧត្តមបានរំឭកពីច្បាប់ស្តីពី «ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ»។ ច្បាប់នេះធ្វើឡើងដើម្បីផ្តន្ទាទោសបុគ្គលទាំងឡាយណាដែលមិនទទួលស្គាល់ការឈឺចាប់ និងឧក្រិដ្ឋកម្មក្នុងរបប ប៉ុល ពត (១៩៧៥-១៩៧៩) ព្រមទាំងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដាស់ស្មារតីយុវជនជំនាន់ក្រោយកុំឱ្យរបបឃោរឃៅនេះវិលត្រឡប់មកវិញ។

ទី៣. ការត្រៀមខ្លួនឆ្ពោះទៅការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ ពាក់ព័ន្ធនឹងការងារមូលដ្ឋាន ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យក ថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៧។ ឯកឧត្តមបានណែនាំឱ្យក្រុមប្រឹក្សាឃុំទាំងអស់ បន្តពិនិត្យនិងវាយតម្លៃគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិចាស់ (២០២២-២០២៧) ដើម្បីរៀបចំផែនការអាណត្តិថ្មី (២០២៧-២០៣២) ឱ្យមានប្រសិទ្ធភាពផងដែរ។

ក្រៅពីការបង្ហាញសមិទ្ធផលឆ្ពោះទៅកាន់ «សភាឌីជីថល» ក្រោមការដឹកនាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, ឯកឧត្តម វង សូត ក៏បានកោតសរសើរដល់អាជ្ញាធរអូររាំងឪ និងអតីតនិវត្តជនព្រមទាំងបានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់អ្នកចូលរួមប្រមាណ ២៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀលផងដែរ។

តមកក្នុងថ្ងៃដដែល ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានដឹកនាំតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ អញ្ជើញទស្សនកិច្ចទៅកាន់កសិដ្ឋានដាំចេក របស់ក្រុមហ៊ុន Jia Zhi Xin Agriculture Technology Development Co., Ltd. ស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

ទន្ទឹមនឹងនេះ ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា ក៏បានគូសបញ្ជាក់ពីគោលនយោបាយដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញការវិនិយោគបរទេស ក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

បច្ចុប្បន្នក្រុមហ៊ុននេះ មានផ្ទៃដីដាំដុះចេកប្រមាណ ២០០ហិកតា ដោយមានកម្មករ-បុគ្គលិកបម្រើការងារចំនួន ៤៥០នាក់ លើផ្នែកថែទាំ និងវេចខ្ចប់ស្របតាមបច្ចេកទេស និងស្តង់ដារអនាម័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្ពស់នៃទីផ្សារនាំចេញ។ ផលិតផលចេកអំបូងលឿងរបស់ក្រុមហ៊ុន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងបរិមាណប្រមាណ ២០ទូកុងតឺន័រ ក្នុងមួយខែ (ស្មើនឹងប្រហែល ៣០,៨០០កេស ឬជាង ៤០០,៤០០
គីឡូក្រាម)។

ក្នុងឱកាសនោះដែរ ឯកឧត្តម វង សូត ក៏បានអញ្ជើញពិនិត្យមើលដោយផ្ទាល់នូវសង្វាក់ផលិតកម្ម នៃការប្រមូលផល និងការវេចខ្ចប់ផ្លែចេក ប្រកបដោយគុណភាពខ្ពស់ សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ សំដៅលើកស្ទួយមុខមាត់វិស័យកសិកម្មកម្ពុជាលើឆាកអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម វង សូត ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បានសាកសួរសុខទុក្ខកម្មករ និងបុគ្គលិកបច្ចេកទេស ដែលកំពុងបម្រើការងារក្នុងកសិដ្ឋានដាំចេករបស់ក្រុមហ៊ុន Jia Zhi Xin និងបានឧបត្ថម្ភថវិការលើកទឹកចិត្តមួយចំនួនផងដែរ៕