រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់អាណត្តិទាំងអស់តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកកម្ពស់តួនាទី និងតម្លៃរបស់ស្ត្រីនៅក្នុងសង្គម
ស្ត្រីខ្មែរ មិនត្រឹមតែជាមាតា ជាអ្នកអប់រំកូនចៅ និងជាអ្នកគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងស្នូលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងជាតិទាំងមូល។
ដូច្នេះ ការផ្សព្វផ្សាយ ឬការប្រើប្រាស់រូបភាពស្ត្រីក្នុងន័យបង្អាប់ បន្ថោកតម្លៃ មិនសមរម្យ ឬយកស្ត្រីមកធ្វើជាកម្មវត្ថុ នៃការផ្សព្វផ្សាយមាតិកាអសីលធម៌ គឺជារឿងដែលយើងគ្រប់គ្នាមិនអាចទទួលយកបានឡើយ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបិទសិក្ខាសាលាស្តីពី “រួមគ្នាលើកកម្ពស់សីលធម៌ លើប្រព័ន្ធផ្សព្វផ្សាយ”រៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយ ក្រសួងកិច្ចការនារី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នាសាលចតុម្មុខមង្គលទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ហ៊ូ និរមិត្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និង លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ការផ្សព្វផ្សាយមាតិកាអសីលធម៌ដែលមិនឲ្យតម្លៃដល់ស្ត្រីគឺជារឿងដែលមិនត្រូវធ្វើ,
នេះជាទង្វើដែលអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ពិធីករ ពិធីការិនី អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម និងអ្នកប្រើប្រាស់បណ្តាញសង្គម គួរជៀសវាងឱ្យបានជាដាច់ខាត។
ឯកឧត្តមបានបញ្ជាក់ថា ការគោរពស្ត្រី គឺជាការគោរពមាតា គោរពគ្រួសារ គោរពសង្គម និងគោរពអត្តសញ្ញាណជាតិខ្មែរ។ ស្ត្រីមិនគួរត្រូវបានប្រើប្រាស់ជាឧបករណ៍ដើម្បីទាក់ទាញការចាប់អារម្មណ៍ ឬបម្រើផលប្រយោជន៍ពាណិជ្ជកម្មដោយប្រាសចាកពីសីលធម៌នោះឡើយ។ សេចក្តីថ្លៃថ្នូររបស់ស្ត្រីគឺមិនមែនជារបស់សម្រាប់ធ្វើជាទំនិញផ្សព្វផ្សាយឡើយ ប៉ុន្តែជាតម្លៃមនុស្ស និងតម្លៃជាតិដែលត្រូវការពារ លើកតម្កើង និងគោរព៕



