WHO បញ្ជាក់ថាផលិតភាពវ៉ាក់សាំងព្យាបាលនិងការពារជំងឺ Ebola ត្រូវចំណាយពេលជាង២ខែទៀត! ស្របពេលដែលអ្នកជំងឺកើនលើស៥០០នាក់ និងស្លាប់ជាង១៣០នាក់នៅកុងហ្គោ
អង្គការ UNICEF បានផ្គត់ផ្គង់បញ្ជូនសម្ភារៈវេជ្ជសាស្រ្តចំនួន ១៦ តោនទៅកាន់ទីក្រុង Bunia ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីតំបន់នោះបាននឹងកំពុងប្រឈមមុខនឹងករណីផ្ទុះឡើងនៃជំងឺអេបូឡាដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស សម្លាប់មនុស្សកើន ១៣៤ នាក់ និងករណីសង្ស័យឆ្លងជាង ៥០០ ករណីហើយ។ វីរុសនេះបានរីករាលដាលដោយមិនត្រូវបានរកឃើញអស់រយៈពេលជាច្រើនសប្តាហ៍បន្ទាប់ពីមានករណីស្លាប់ដំបូងដោយសារអាជ្ញាធរបានធ្វើតេស្តរកប្រភេទជំងឺអេបូឡាទូទៅមួយប្រភេទ ហើយលទ្ធផលចេញមកក៏អវិជ្ជមាន។ ជំងឺអេបូឡាបង្ករឡើងដោយវីរុសឈ្មោះ Bundibugyo វាមិនទាន់មានថ្នាំ ឬវ៉ាក់សាំងដែលត្រូវបានអនុម័តយកមកព្យាបាលនៅឡើយទេ។ លោកស្រី Hela Skhiri ប្រធានការិយាល័យ Bunia របស់អង្គការយូនីសេហ្វ បាននិយាយថា ការផ្គត់ផ្គង់ទាំងនោះរួមមាន ថ្នាំសម្លាប់មេរោគ និងសាប៊ូលាងសំអាត ឧបករណ៍ការពារផ្ទាល់ខ្លួន និងថ្នាំបន្សុទ្ធទឹក និងធុងទឹក នឹងត្រូវចែកចាយទៅកាន់ទីក្រុង Bunia, Mongwalu និង Rwampara ដែលជាទីតាំងទាំងបីដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារវីរុសរហូតមកដល់ពេលនេះ។ អង្គការសុខភាពពិភពលោកបានប្រកាសពីការផ្ទុះឡើងនៃជំងឺអេបូឡាជាភាពអាសន្នសុខភាពសាធារណៈសកល ដែលជាការព្រួយបារម្ភរបស់អន្តរជាតិ ដែលតម្រូវឱ្យមានការឆ្លើយតបដើម្បីសម្របសម្រួល។ ក្នុងនោះសម្ភារៈនានាក៏ត្រូវបានប្រញាប់ប្រញាល់បញ្ជូនទៅកាន់ខេត្តពីរនៅជិតប្រទេសអ៊ូហ្គង់ដាដែលរងផលប៉ះពាល់ដែរ ដែលផ្នែកខ្លះនៃភាគខាងកើតនៃប្រទេសនេះស្ថិតនៅក្នុងដៃរបស់ពួកឧទ្ទាមប្រដាប់អាវុធ។ លោកស្រី Jeanne Alasha ទីប្រឹក្សាសុខាភិបាលខេត្ត Ituri ប្រចាំការនៅ DRC បាននិយាយថា អាជ្ញាធរសុខាភិបាលកំពុងស្នើសុំឱ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់។ “រដ្ឋាភិបាល ជាមួយនឹងដៃគូអន្តរជាតិទាំងអស់កំពុងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតនានា និងលើសពីនេះទៅទៀត ដើម្បីបញ្ជូនសារនៅសហគមន៍ កម្រិតប្រជាជន អំពីវិធានការបង្ការទុកជាមុន។ ការលាងសំអាតដៃរបស់អ្នកគឺមានសារៈសំខាន់ខ្លាំងណាស់។ និងកុំទៅចូលរួមពិធីបុណ្យសពនានាដែលមិនចាំបាច់។ សូមបញ្ជាក់ថាអ្នកតំណាងក្រុមការងារអង្គការសុខភាពពិភពលោក WHO នៅ DRC កុងហ្គោបាននិយាយថាវ៉ាក់សាំងសម្រាប់ការពារជំងឺអេបូឡា ត្រូវចំណាយពេលយ៉ាងហោចណាស់ពីរខែ ដើម្បីសម្រេចបាន នេះជាការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត Anne Ancia បានថ្លែងសុន្ទរកថាជាវីដេអូទៅកាន់អ្នកយកព័ត៌មាននៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ មកដល់ពេលនេះគណៈកម្មាធិការបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកកំពុងជួបប្រជុំគ្នាកាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីពិភាក្សាអំពីជម្រើសដែលអាចធ្វើទៅបានលឿន និង មានប្រសិទ្ធិភាព៕

សម្រួលអត្ថបទ៖ សុផារិន្ទ


