ក្រសួងព័ត៌មាន សហការជាមួយក្រសួងកិច្ចការនារី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើសិក្ខាសាលាស្តីពី “រួមគ្នាលើកកម្ពស់សីលធម៌ លើប្រព័ន្ធផ្សព្វផ្សាយ” ដើម្បីជំរុញការលើកកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ សីលធម៌ និងគុណតម្លៃស្ត្រីក្នុងបរិបទនៃការរីកចម្រើនផ្នែកឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយ,

(ភ្នំពេញ)៖ សិក្ខាសាលាស្តីពី “រួមគ្នាលើកកម្ពស់សីលធម៌ លើប្រព័ន្ធផ្សព្វផ្សាយ”រៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយ ក្រសួងកិច្ចការនារី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការអញ្ជើញធ្វើបទបង្ហាញដោយ លោកជំទាវ ហ៊ូ និរមិត្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និង លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីក្រសួងព័ត៌មាន ពិធីករ ពិធីការិនី អ្នកសារព័ត៌មាន តំណាងអង្គភាពសារព័ត៌មាន អ្នកផលិតមាតិកា តំណាងសមាគមសិល្បៈ អ្នកផ្សាយពាណិជ្ជកម្ម ម្ចាស់ផលិតផល សិស្ស និងនិស្សិតជាច្រើនរូប។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីគោលបំណងសំខាន់នៃអង្គសិក្ខាសាលា គឺការលើកកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងសីលធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែររបស់យើង ជាពិសេសដើម្បីលើកតម្កើងកិត្តិយស សេចក្តីថ្លៃថ្នូរ និងគុណតម្លៃរបស់ស្ត្រីខ្មែរ ក្នុងយុគសម័យឌីជីថល ដែលបច្ចេកវិទ្យាវិស័យព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងមានឥទ្ធិពលកាន់តែខ្លាំងលើជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីលើកកម្ពស់សីលធម៌ គុណធម៌ និងគុណតម្លៃសង្គម ក៏ដូចជាលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ក្រសួងព័ត៌មាន នឹងបន្តពង្រឹងការអនុវត្តវិធានការច្បាប់ ការអប់រំផ្សព្វផ្សាយ និងការសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថា វិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា មានការអភិវឌ្ឍប្រកបដោយវិជ្ជាជីវៈ សីលធម៌ សុចរិតភាព និងការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះដែរ ក្រសួងព័ត៌មាន នឹងបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ពិធីករ ពិធីការិនី វិស័យឯកជន ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម និងម្ចាស់ផលិតផល ដើម្បីជំរុញការបណ្តុះបណ្តាល ការផ្សព្វផ្សាយអប់រំ ការផ្តល់ការណែនាំវិជ្ជាជីវៈ និងការលើកទឹកចិត្តដល់មាតិកាល្អៗ ដែលរួមចំណែកលើកកម្ពស់សីលធម៌ សុជីវធម៌ វប្បធម៌ជាតិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ៕