ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ មន្ទីរព័ត៌មានរាជធានី ខេត្តទាំង២៥ នឹងដាក់ឱ្យដំណើរការសាកល្បងគេហទំព័ររបស់ខ្លួនចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីមន្ត្រីទទួលបានការបណ្តុះបណ្តាលមួយរយៈនេះរួចមក
(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ មន្ទីរព័ត៌មានរាជធានី ខេត្តទាំង២៥ នឹងដាក់ឱ្យដំណើរការសាកល្បងគេហទំព័ររបស់ខ្លួន បន្ទាប់ពីមន្ត្រីទទួលបន្ទុក និងរៀបចំគេហទំព័របានឆ្លងកាត់វគ្គបណ្តុះបណ្តាលមួយរយៈនេះ ក្រោមការគាំទ្ររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ និងការការពារគេហទំព័រ» ជូនមន្ត្រីក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានរាជធានី-ខេត្ត ទាំង២៥ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការរៀបចំឱ្យមានគេហទំព័រនៅតាមខេត្តមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ គឺមានគោលបំណងដើម្បីឲ្យមន្ទីរព័ត៌មាននីមួយៗ មានកន្លែងសម្រាប់ស្តុកទុកឯកសារ ព័ត៌មាន និងទិន្នន័យរបស់ខ្លួន ហើយក៏ជាផ្នែកមួយនៃការចូលរួមកសាងប្រព័ន្ធទិន្នន័យជាតិរួម ដើម្បីភ្ជាប់ និងគ្រប់គ្រងព័ត៌មានឲ្យមានប្រសិទ្ធភាព និងងាយស្រួលប្រើប្រាស់នៅទូទាំងប្រទេស។
ការរៀបចំគេហទំព័រ សម្រាប់មន្ទីរព័ត៌មាន គឺជាជំហានសំខាន់ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងពង្រឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្លូវការ ឲ្យមានភាពទាន់សម័យ រហ័ស និងមានប្រសិទ្ធភាព។ គេហទំព័រទាំងនេះ នឹងក្លាយជាវេទិកាផ្លូវការសម្រាប់ផ្សព្វផ្សាយព័ត៌មាន សេចក្ដីជូនដំណឹង សកម្មភាពការងារ និងសេវាសាធារណៈផ្សេងៗ ដល់ប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស និងទូលំទូលាយ៕



