រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថាការបង្កើតគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តនឹងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានផ្លូវការ និងកសាងប្រព័ន្ធទិន្នន័យជាតិរួម

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា ការរៀបចំឲ្យមានគេហទំព័រ  នៅតាមខេត្តមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ មានគោលបំណងដើម្បីឲ្យមន្ទីរព័ត៌មាននីមួយៗ មានកន្លែងសម្រាប់ស្តុកទុកឯកសារ ព័ត៌មាន និងទិន្នន័យរបស់ខ្លួន ហើយក៏ជាផ្នែកមួយនៃការចូលរួមកសាងប្រព័ន្ធទិន្នន័យជាតិរួម ដើម្បីភ្ជាប់ និងគ្រប់គ្រងព័ត៌មានឲ្យមានប្រសិទ្ធភាព និងងាយស្រួលប្រើប្រាស់នៅទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ការរៀបចំគេហទំព័រ សម្រាប់មន្ទីរព័ត៌មាន គឺជាជំហានសំខាន់ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងពង្រឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្លូវការ ឲ្យមានភាពទាន់សម័យ រហ័ស និងមានប្រសិទ្ធភាព។

គេហទំព័រទាំងនេះ នឹងក្លាយជាវេទិកាផ្លូវការសម្រាប់ផ្សព្វផ្សាយព័ត៌មាន សេចក្ដីជូនដំណឹង សកម្មភាពការងារ និងសេវាសាធារណៈផ្សេងៗ ដល់ប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស និងទូលំទូលាយ។

ចំណុចសំខាន់ៗដែល ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា លើកឡើងខាងលើនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ និងការការពារគេហទំព័រ» ជូនមន្ត្រីក្រសួងព័ត៌មាន និងមន្ត្រីមន្ទីរព័ត៌មានរាជធានី ខេត្ត សរុបចំនួន ១១២នាក់ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នាសាលមណ្ឌលបណ្តុះបណ្តាលនិងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍ទីស្តីការក្រសួង បន្ទាប់ដំណើរការរយៈពេល ២ថ្ងៃរួចមក។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា មន្ទីរព័ត៌មានទាំងអស់ត្រូវតែរៀបចំគេហទំព័ររឹងមាំដើម្បីបង្កើតទិន្នន័យនៅលើវេទិកាឌីជីថល ព្រោះគេហទំព័របម្រើជាឃ្លាំងទិន្នន័យសំខាន់ៗសម្រាប់ព័ត៌មានផ្លូវការ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសុវត្ថិភាព និងភាពងាយស្រួលនៃការផ្ទុកទិន្នន័យ។ 

កិច្ចខិតខំប្រឹងប្រែងទាំងនេះគឺជាផ្នែកមួយនៃកិច្ចពង្រឹង និងពង្រីកការងារឲ្យកាន់តែទូលំទូលាយ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានរបស់ក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានរាជធានី ខេត្ត ក្នុងការផ្តល់ព័ត៌មានដែលទុកចិត្តបានដល់សាធារណៈជនទាន់ពេលវេលា។

កិច្ចការដែលក្រសួងព័ត៌មានកំពុងធ្វើនេះ ក៏ជាការរួមចំណែកអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល និងការកែទម្រង់វិស័យព័ត៌មានឲ្យស្របតាមបរិបទបច្ចេកវិទ្យាសម័យថ្មី ដើម្បីបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់៕