ក្រុមបាតុករបូលីវីបានដើរជាក្បួនតវ៉ាក្នុងរដ្ឋធានី ក្រោយពីប្រទេសធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដើម្បីបន្ថែមភាពចលាចលដល់ប្រធានាធិបតីបច្ចុប្បន្ន Rodrigo Paz
អ្នកគាំទ្រអតីតប្រធានាធិបតីដ៏មានឥទ្ធិពលរបស់ប្រទេសបូលីវីលោក Evo Morales (អ៊ីវ៉ូ ម៉ូរ៉ាលែស) បានចូលរួមជាមួយចលនាតវ៉ាដែលរុញច្រានប្រទេសទៅរកវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងមួយអាណត្តិនេះ។ ការជួបជុំ និងការបិទផ្លូវដែលបានចាប់ផ្តើមជាងពីរសប្តាហ៍មុន បានក្លាយទៅជាបញ្ហាប្រឈមដ៏ធំបំផុតរហូតមកដល់ពេលនេះសម្រាប់ប្រធានាធិបតី Rodrigo Paz (រ៉ូឌ្រីហ្គោ ផាស) ដែលជាមេដឹកនាំបក្សអភិរក្សនិយមដំបូងរបស់ប្រទេសបូលីវី បន្ទាប់ពីការគ្រប់គ្រងបក្សសង្គមនិយមជិតពីរទសវត្សរ៍មក។ បន្ទាប់ពីការដើរជាក្បួនរយៈពេល៦ថ្ងៃដោយឆ្លងកាត់ផ្លូវ Andes អ្នកគាំទ្រលោក Morales រាប់ពាន់នាក់ ដែលខ្លះកាន់ដំបងឌីណាមិត និងខ្សែពួរ បានប្រមូលផ្តុំគ្នានៅរដ្ឋធានី ជាទីកន្លែងដែលពួកគេត្រូវបានពើបប្រទះជាមួយនឹងប៉ូលីសបង្ក្រាបកុបកម្ម។ សម្លេងបំផ្ទុះនៃដំបងឌីណាមិតបានបន្លឺឡើងនៅក្នុងទីក្រុង La Paz។ កងកម្លាំងសន្តិសុខបានបាញ់តបវិញជាមួយនឹងឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករដែលបានអំពាវនាវឱ្យរូបលោកប្រធានាធិបតីលាលែងចេញពីតំណែងត្រឹមតែ៦ខែប៉ុណ្ណោះបន្ទាប់ពីកាន់តំណែង។ លោក Paz បានឡើងកាន់តំណែងកាលពីឆ្នាំមុន ខណៈដែលរលកនៃមេដឹកនាំបក្សអភិរក្សនិយមដែលចងសម្ព័ន្ធភាពជាមួយរដ្ឋបាល Trump បានវាយលុកប្រទេសអាមេរិកឡាទីន។ ដោយទទួលរងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតក្នុងប្រទេសក្នុងរយៈពេល ៤០ ឆ្នាំមកនេះ លោកក៏បានងើបតស៊ូដើម្បីបំពេញបន្ថែមនូវតម្រូវការប្រេងឥន្ធនៈដ៏កម្ររបស់ប្រទេសបូលីវី ទប់ស្កាត់ឱនភាពថវិកាដ៏ច្រើនរបស់ខ្លួន និងដោះស្រាយកង្វះខាតប្រាក់ដុល្លារអាមេរិក ខណៈលោកក៏បានបន្ធូរបន្ថយក្រុមអ្នកមានអំណាចដែលមានទំនាក់ទំនងជាមួយលោក Morales ផងដែរ ដែលជាការរំខានដល់តំណែងប្រធានាធិបតីរបស់លោក។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះដែរ រដ្ឋាភិបាលរបស់លោកបានសម្រេចចុះកិច្ចព្រមព្រៀងជាមួយនឹងកម្មកររ៉ែ និងគ្រូបង្រៀនដែលបានយល់ព្រមគ្នាដើម្បីបញ្ចប់ការតវ៉ារបស់ពួកគេ។ កាលពីថ្ងៃចន្ទនេះដែរ លោក Roger Rider Mariaca Montenegro ជាអគ្គព្រះរាជអាជ្ញានៃប្រទេសបូលីវីបានប្រកាសថា ដីកាចាប់ខ្លួនមួយត្រូវបានចេញមកហើយ ដើម្បីប្រឆាំងនឹងលោក Mario Argollo ជាមេដឹកនាំសហជីពកណ្តាលកម្មករបូលីវី ហៅកាត់ថា (COB)៕
សម្រួលអត្ថបទ៖ សុផារិន្ទ



