សាខាកាកបាទក្រហមខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌លើកទី២ ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម
ខេត្តព្រះសីហនុ៖ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយមនុស្សធម៌លើកទី២ ពីសប្បុរសជននានា នៅទីស្នាក់ការសាខា ដើម្បីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”។
ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគថវិកា និងសម្ភារៈតាមសទ្ធាជ្រះថ្លា។ ឯកឧត្តមបានបញ្ជាក់ថា ធនធានទាំងនេះនឹងត្រូវយកទៅប្រើប្រាស់ចំគោលដៅ ក្នុងការបន្តផ្តល់សេវាកម្មមនុស្សធម៌ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងសហគមន៍ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ ជនចាស់ជរា និងកុមារកំព្រា ស្របតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ។
សូមជម្រាបថា នៅក្នុងយុទ្ធនាការលើកទី២ នេះ សាខាខេត្តទទួលបានការចូលរួមពីសប្បុរសជនចំនួន ៧៤នាក់ ដោយប្រមូលបានថវិកាសរុបចំនួន ៧៦,៣៧៧ ដុល្លារអាមេរិក និង ១០០,១៩៥,០០០ រៀល។ គួររំលឹកផងដែរថា នៅក្នុងការកៀរគរមូលនិធិលើកទី១ កន្លងទៅ សាខាខេត្តព្រះសីហនុ ទទួលបានថវិកាពីសប្បុរសជនចំនួន ១០២នាក់ នូវទឹកប្រាក់ចំនួន ៣៦៩,០០០ ដុល្លារអាមេរិក, ២០០,០០០,០០០ រៀល និងទឹកបរិសុទ្ធចំនួន ៨០០យួរ។
ជាទីបញ្ចប់ ឯកឧត្តមប្រធានបានជូនពរដល់សប្បុរសជនទាំងអស់ឱ្យមានសុខភាពល្អបរិបូណ៌ និងបញ្ញាញាណភ្លឺថ្លា ដើម្បីបន្តចូលរួមការងារមនុស្សធម៌ និងការងារសង្គមនានា។ ព្រមជាមួយគ្នានេះ ក្រុមការងារទទួលមូលនិធិ នឹងបន្តរង់ចាំទទួលអំណោយពីសប្បុរសជនរៀងរាល់ម៉ោងធ្វើការ នៅទីស្នាក់ការសាខាខេត្តព្រះសីហនុ៕
អត្ថបទ:ស្រីមុំ



