ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ «យើងរួមគ្នាប្រយុទ្ធប្រឆាំង និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីធានាសន្តិសុខព័ត៌មាន និងផ្តល់សុវត្ថិភាពព័ត៌មានជូនដល់ប្រជាពលរដ្ឋ»
(ភ្នំពេញ)៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តផែនការយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរព័ត៌មានរាជធានីខេត្ត សមាគមសារព័ត៌មាន អង្គភាពសារព័ត៌មាន និងអ្នកផលិតមាតិកាឌីជីថល អ្នកពាក់ព័ន្ធជាច្រើនរូប ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញលើកទឹកចិត្តឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់បន្តរួមគ្នាប្រយុទ្ធប្រឆាំងនិងលុបបំបាត់ព័ត៌មានក្លែងក្លាយ និងផ្តល់នូវសន្តិសុខព័ត៌មាន សុវត្ថិភាពព័ត៌៎មានជូនដល់ប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបថា កាលពីឆ្នាំ២០២៥កន្លងមកនេះ នៅក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងកា្លយ ក្រសួងបានកត់សម្គាល់ឃើញមានព័ត៌មានក្លែងក្លាយជិត ៤ ០០០ព័ត៌មាន។ ចំពោះព័ត៌មានដែលត្រូវបានកត់សម្គាល់ គឺជាប្រភេទព័ត៌មានដែលប៉ះពាល់ដល់សង្គម ប៉ះពាល់ដល់ស្ថិរភាព សន្តិភាព សន្តិសុខសង្គម ហើយជាព័ត៌មានដែលត្រូវបានជនទុច្ចរិតបង្កើតឡើងក្នុងចេតនាបង្កចលាចលនៅក្នុងសង្គម។ ខណៈចំនួនព័ត៌មានក្លែងក្លាយនេះមិនទាន់ធ្លាក់ចុះនោះទេ បើប្រៀបធៀបនឹងឆ្នាំ២០២៣ (មានចំនួន ៣ ២០០ និងឆ្នាំ២០២៤ មានចំនួន ៣ ៦០០ ព័ត៌មានក្លែងក្លាយ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា មានព័ត៌មានក្លែងក្លាយជិត ៤ពាន់ករណី បានចេញមកពីប្រភព ២សំខាន់ គឺទី១៖ ព័ត៌មានដែលផ្សាយចេញពីថៃតាមគណនីហ្វេសប៊ុកជាភាសាខ្មែរ និងទី២៖ ព័ត៌មានដែលផ្សាយចេញពីពលរដ្ឋខ្មែរពីក្រៅប្រទេសដែលមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយមនៅថៃ។ ក្រុមទាំងនោះបានយកព័ត៌មានដែលថៃ ចេញផ្សាយមកបំប៉ោងបន្ថែមដើម្បីបង្កភាពចលាចល បង្កើតនូវបញ្ហា ឬក៏ទម្លាក់ការមិនជឿទុកចិត្តមកលើរដ្ឋាភិបាលកម្ពុជា។ តែទោះជាយ៉ាងនេះក្តី ឯកឧត្តមរដ្ឋមន្ត្រី សង្កេតឃើញថា ចាប់តាំងពីកម្ពុជាមានការរំលោភបំពានពីប្រទេសថៃ គឺប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងច្រើនពីរបៀបផ្ទៀងផ្ទាត់ព័ត៌មានការយល់ដឹងនេះទទួលបានពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងកា្លយដែលក្រសួងបានរៀបចំនៅទូទាំងប្រទេស។
តាមរយៈនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាបន្តរួមគ្នាផ្សព្វផ្សាយព័ត៌មានពិត ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយនៅក្នុងសង្គម ជាពិសេសនៅក្នុងស្រទាប់យុវវ័យ។ ជាពិសេសត្រូវបន្សុទ្ធព័ត៌មានពិត នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមឱ្យបានច្រើន សំដៅលុបបំបាត់ចោលនូវព័ត៌មានមិនប្រាកដប្រជា។
តាមការបញ្ជាក់របស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំក្រសួងព័ត៌មាន បានឲ្យដឹងថា យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី១ ដែលបានធ្វើឡើងចាប់ពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអនុវត្តនៅទូទាំងប្រទេសដោយជោគជ័យ ក្នុងគោលដៅលើកកម្ពស់សន្តិសុខព័ត៌មាននៅកម្ពុជា ដែលជាគោលដៅយុទ្ធសាស្ត្រអាទិភាព ហើយនៅពេលនេះក្រសួងព័ត៌មានបានក៏បានដាក់ឱ្យអនុវត្តក្នុងជំហានទី២ជាបន្តទៀត។
ឯកឧត្តមអ្នកនាំពាក្យ បានគូសបញ្ជាលក់ដែរថា យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី១ ត្រូវបានប្រើប្រាស់នូវមធ្យោបាយក្នុងការផ្សព្វផ្សាយដោយផ្ទាល់ តាមរយៈការរៀបចំព្រឹត្តិការណ៍តាមទីប្រជុំជននានាជាង ៥០០លើក និងការផ្សាយតាមរយៈផ្ទាំងប៉ាណូនៅតាមបណ្តារាជធានី ខេត្ត ដោយយុទ្ធនាការបានចាក់បញ្ចូលនូវមាតិកាបែបអប់រំក្នុងគ្រប់ទម្រង់ចម្រុះទាំងតាមប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និង ឌីជីថលជាង ៤៣ ០០០មាតិកា ក្នុងនោះគឺមានខ្លឹមសារក្នុងការលើកកម្ពស់អក្ខរកម្មព័ត៌មានប្រមាណ ៤០០០កម្រងមាតិកា ដោយការផ្សាយទាំងអស់នេះគឺទទួលបាននូវការតាមដាន និងចូលមើលក្នុងចំណោមពលរដ្ឋ រួមទាំងការចែករំលែកបន្តសរុបជាង ៨,៤លានដង នៅក្នុងយុទ្ធនាការទាំងមូល។
មិនតែប៉ុណ្ណោះសារអប់រំក៏ត្រូវបាន បញ្ជូនតាមរយៈប្រព័ន្ធសារចល័ត SMS ទៅដល់ដៃអ្នកប្រើប្រាស់ទូរស័ព្ទដៃចំនួន ២៣លានអង្គ/នាក់ នៅទូទាំងប្រទេសកម្ពុជា៕



