កម្ពុជា និងជប៉ុន ប្រកាសបើកកិច្ចប្រតិបត្តិការបោសសម្អាតមីនដំណាក់កាលទី៣ ក្រោមទុនជំនួយជាង ១១លានដុល្លារ
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតកតេជោ ខេត្តបាត់ដំបង បានរៀបចំប្រារឰពិធីផ្ទេរ-ប្រគល់សមិទ្ធផល នៃគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២ និងការបើកកិច្ចប្រតិបត្តិការគម្រោងថ្មី ដំណាក់កាលទី៣ ដែលជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា គាំទ្រអង្គភាពCMAC ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងលោកជំទាវ ខេង សំវ៉ាដា តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមជាមួយឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា។
សូមជម្រាបថា គម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីនដំណាក់កាលទី២នេះ រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយហិរញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន២.០០០លានយ៉េន ស្មើនឹងជិត១៧លានដុល្លារអាម៉េរិក សម្រាប់រយៈពេល៤៥ខែ (០១ មេសា ២០២២ ដល់ថ្ងៃទី៣១ ធ្នូ ២០២៥) ដែលត្រូវអនុវត្តគម្រោងនៅខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន ព្រមទាំងសម្រេចបានសមិទ្ធផលមានជាអាទិ៍៖ បោសសម្អាតផ្ទៃដីចម្ការមីន/គ្រាប់បានចំនួន១២.០១១ហិកតា ស្មើនឹង១២៧% ធៀបនឹងផែនការ។ រុករកឃើញនិងកម្ទេចចោលគ្រាប់មីន&គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន២៧.៨៤៧គ្រាប់ និងផ្ដល់សារអប់រំយល់ដឹងពីមីនបានចំនួន១២.៥៨២លើក មានប្រជាពលរដ្ឋចូលរួមសរុបចំនួន៣៤៣.២០៩នាក់។ ប្រជាពលរដ្ឋទទួលផលពីគម្រោងនេះមានចំនួន៧៦៣.៦០២នាក់។ សាងសង់ផ្លូវគ្រួសក្រហមប្រវែង៩.៨០០ម៉ែត្រ និងសំណង់រំដោះទឹកគ្រប់ប្រភេទចំនួន២៩កន្លែង ទិញសម្ភារបោសសម្អាតមីនមួយចំនួនរួមមាន៖ ម៉ាស៊ីនរាវមីន ALIS ចំនួន១២គ្រឿង គ្រឿងចក្របោសសម្អាតមីនKomatsu ចំនួន១គ្រឿង រថយន្តសណ្តោងចំនួន១គ្រឿង និងគ្រឿបន្លាស់ផងដែរ។
ដោយឡែកសម្រាប់គម្រោងថ្មី ដំណាក់កាលទី៣ ដែលត្រូវសម្ពោធបើកការដ្ឋាននៅថ្ងៃនេះ មានហិរញ្ញប្បទានឥតសំណងចំនួន១.៧០០លានយ៉េន ស្មើនឹងប្រមាណ១១លានដុល្លារអាមេរិក សម្រាប់រយៈពេល២៤ខែ(១៩ មករា ២០២៦-១៨ មករា ២០២៨) ដើម្បីគាំទ្រអង្គភាពCMAC លើគោលដៅដូចជា បោសសម្អាតផ្ទៃដីចម្ការមីន/គ្រាប់ចំនួន៤.៩៣៩ហិកតា ក្នុងភូមិសាស្រ្ដខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង ព្រមទាំងឆ្លើយតបសំណើសុំអន្ដរាគមន៍បន្ទាន់ក្នុងខេត្តប៉ៃលិន។ ការជួយសង្គ្រោះជនរងគ្រោះដោយសារមីន និងការអភិវឌ្ឍសហគមន៍ក្រោយបោសសម្អាតមីនរួច។ ទិញម៉ាស៊ីនរាវមីនALIS និងកសាងប្រព័ន្ធទិន្នន័យបញ្ញាសិប្បនិមិ្មត(AI)។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រតិភូ ហេង រតនា បានគោរពគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុនដែលបានផ្តល់ជំនួយទាំងសម្ភារៈ និងថវិកា ដើម្បីគាំទ្រអង្គភាពCMAC ក្នុងការបោសសម្អាតមីននៅកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់អង្គភាពCMAC និងគោរពថ្លែងអំណរចំពោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ដែលបានផ្ដល់ការគាំទ្រ និងតែងតែជួយសម្របសម្រួលគម្រោងនេះ។ ក៏ដូចជាថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍ និងម្ចាស់ជំនួយទាំងអស់ ដែលបានចូលរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល សំដៅឆ្ពោះទៅរកកម្ពុជាអស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សនៅត្រឹមចុងឆ្នាំ២០៣០ និងកាត់បន្ថយការគំរាមកំហែងដោយសារបញ្ហាសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមត្រឹមឆ្នាំ២០៣៥។



