ក្រសួងធម្មការនិងសាសនា រៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ (ជំនាន់ទី៥៣) ដោយជំរុញឲ្យអាចារ្យ អាចារិនី ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងត្រូវអនុវត្តពិធីកម្មនានាទៅតាមក្បួនតម្រាពីបុរាណខ្មែរ

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៥៣ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានពាំនាំនូវអនុសាសន៍របស់ឯកឧត្តម រដ្ឋមន្រ្តី ក្នុងការជំរុញឲ្យអាចារ្យ អាចារិនី ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងអនុវត្តទម្រង់ពិធីកម្មនានាឲ្យបានត្រឹមត្រូវតាមក្បួនតម្រាពីបុរាណ។

ឯកឧត្តម ហាក់ ប៊ុនធឿន បានមានប្រសាសន៍ថា ក្រសួងធម្មការនិងសាសនា បានកំពុងខិតខំបន្តអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងពង្រឹងមរតកវប្បធម៌ខ្មែរ ជានិមន្តរូបនៃដួងព្រលឹងជាតិ និងជាអត្តសញ្ញាណនៃភាពថ្លៃថ្នូររបស់ខ្មែរដែលមានចាត់តាំងពីសម័យបុរាណរបស់ដល់បច្ចុប្បន្ន ទៅកាន់អន្តរជាតិ។ ជាក់ស្តែងវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីភារកិច្ចនិងក្រមសីលធម៌ អាចារ្យខ្មែរជំនាន់ទី៥៣នាឱកាសនេះ រៀបចំដោយនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម ដឹកនាំដោយឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន ក្រោមការយកចិត្តទុក ដាក់ស្របតាមអនុសាសន៍ណែនាំប្រកបដោយគិតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចង្អុលបង្ហាញឲ្យក្រសួងធម្មការនិងសាសនា ណែនាំឲ្យថ្នាក់ដឹកនាំជំនាញរបស់ក្រសួង ប្រមូលគម្ពីរក្បួនតម្រាខ្មែរ ចែករំលែកនូវចំណេះដឹងបន្ថែម ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ទៅតាមពិធីកម្មនានា ទាំងផ្នែកសាសនពិធី ក៏ដូចជាពិធីប្រពៃណី ទំនៀមទំលាប់ជាតិ ដែលនេះជាការចូលរួមចំណែកកសាងមូលធនមនុស្ស និងលើកកម្ពស់វិស័យវប្បធម៌ និងសាសនា ជាពិសេស គឺជាការចែករំលែកនូវចំណេះដឹង ដើម្បីតម្រង់ទិសអំពីរបៀបរៀបចំពិធីមង្គល និងពិធីបុណ្យផ្សេងៗ។

លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានជម្រាបជូនថា របបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លិចបំផ្លាញប្រទេសជាតិលើគ្រប់វិស័យ ដល់ឫសគល់ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងធនធានមនុស្ស។ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ប្រជាជននិងប្រទេសជាតិ ក្នុងនោះប្រពៃណី ទំនៀមទម្លាប់ ក៏ត្រូវបានសង្គ្រោះឱ្យ រស់រានមានជីវិតឡើងវិញ ហើយរដ្ឋាភិបាលបានខិតខំស្ការ និងកសាងប្រទេសជាតិពីបាតដៃទទេរហូតមានការអភិវឌ្ឍន៍លើកគ្រប់វិស័យនាពេលបច្ចុប្បន្ន។ ហើយវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ជាគំនិតផ្តួចផ្តើមដ៏ខ្ពស់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយ មើលឃើញការរៀបចំពិធីអាពាហ៏ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេច ទើបសម្តេចបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់នាំណែឲ្យក្រសួងធម្មការនិងសាសនា ពិនិត្យស្រាវជ្រាវ និងបង្កើត វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ។

ទើបនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ សម្តេចតេជោ បានផ្តល់នូវអនុសាសន៍ដល់ក្រសួងធម្មការនិងសាសនា ដើម្បីបង្កើតវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ ដោយគិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១០ ជាជំនាន់ទី១ រហូតមកដល់បច្ចុប្បន្នមកដល់ជំនាន់ទី៥២រួចមកហើយដោយមានសិក្ខាកាមសរុបចំនួន១៤០៥៧អង្គ/នាក់ និងកំពុងបន្តមកជំនាន់ទី៥៣នាឱកាសនេះ ក្នុងគោលបំណងថែរក្សា លើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀម ទំលាប់ខ្មែរឲ្យបានរុងរឿងនិងគង់វង្ស ពិសេសធ្វើយ៉ាងណាកុំឲ្យមានវិបត្តិអាចារ្យកើតឡើង ។

ដោយឡែកពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៥៣នេះ មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ព្រះមន្រ្តីសង្ឃ សិក្ខាកាមជាព្រះសង្ឃ អាចារ្យ មកពីរាជធានី-ខេត្ត ចំនួន២៤១ អង្គ/នាក់ក្នុងនោះព្រះសង្ឃ៤៨អង្គ សិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២៤រូប សិក្សាលើ២៣មុខវិជ្ជា ដោយចែកចេញជា៤ផ្នែកធំៗដូចជា ការគ្រប់គ្រង, វិជ្ជាហោរាសាស្រ្ត, ពិធីបុណ្យសព និងទម្រង់អាពាហ៍ពិពាហ៍ខ្មែរ ៕