លោក ឈួរ សុបញ្ញា : ពិធីបិទជំរំក្រុមប្រឹក្សាយុវជនរាជធានីភ្នំពេញ បញ្ចប់ដោយជោគជ័យដោយបន្សល់ទុកបទពិសោធន៍ និងស្មារតីដឹកនាំសម្រាប់យុវជនជំនាន់ក្រោយ
ខេត្តកំពង់ស្ពឺ៖ នៅយប់ថ្ងៃអាទិត្យ ១កើត ខែជេស្ធ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ លោក ឈួរ សុបញ្ញា ប្រធានក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញបានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទជំរំក្រុមប្រឹក្សាយុវជនរាជធានីភ្នំពេញ បានបញ្ចប់ទៅដោយជោគជ័យ បន្ទាប់ពីដំណើរការរយៈពេល ៣ថ្ងៃ ប្រកបដោយបរិយាកាសសប្បាយរីករាយ សាមគ្គីភាព និងការចូលរួមយ៉ាងសកម្មពីសិស្សានុសិស្ស និងយុវជនជាច្រើន ក្រោមអធិបតីភាព លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន តំណាងលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។
លោកប្រធាន ឈួរ សុបញ្ញា បានមានប្រសាសន៍ថា ជំរំនេះបានផ្តល់ឱកាសឱ្យប្អូនៗយុវជន ទទួលបានបទពិសោធន៍ថ្មីៗ និងមានតម្លៃ ដូចជា ការធ្វើការងារជាក្រុម ការអភិវឌ្ឍភាពជាអ្នកដឹកនាំ ការគោរពវិន័យ ការទទួលខុសត្រូវ និងការចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្ត ដែលជាគ្រឹះសម្រាប់ការក្លាយជាយុវជនគំរូ និងជាកម្លាំងស្នូលសម្រាប់សង្គមជាតិ។ ជំរំក្រុមប្រឹក្សាយុវជននេះ មិនត្រឹមតែជាកម្មវិធីបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសំខាន់មួយក្នុងការបង្កើតថ្នាលដល់យុវជនឱ្យមានសមត្ថភាព ស្មារតីដឹកនាំ និងការទទួលខុសត្រូវខ្ពស់ ដែលអាចរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់៕
ក្នុងឱកាសបិទកម្មវិធីនេះ លោក ង៉ែត ចាន់សុខ បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់យុវជនទាំងអស់ ព្រមទាំងបានផ្តាំផ្ញើអនុសាសន៍ដ៏មានតម្លៃ ដល់សមាជិកជំរំ ដូចតទៅ៖
១. ត្រូវបន្តអភិវឌ្ឍខ្លួនឯងជានិច្ច ដោយយុវជនត្រូវបន្តខិតខំសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងជំនាញ ដើម្បីត្រៀមខ្លួនជាធនធានមនុស្សមានគុណភាពសម្រាប់ប្រទេសជាតិ។
២. អនុវត្តវិន័យ និងទំនួលខុសត្រូវក្នុងជីវិតប្រចាំថ្ងៃតាមរយៈបទពិសោធន៍ពីជំរំមិនគួរត្រឹមតែជាការចងចាំ ប៉ុន្តែត្រូវយកទៅអនុវត្តជាក់ស្តែង ដោយគោរពវិន័យ និងមានការទទួលខុសត្រូវលើខ្លួនឯង និងសង្គម។
៣. រក្សាស្មារតីសាមគ្គីភាព និងការងារជាក្រុម ព្រោះសាមគ្គីភាពជាគន្លឹះនៃភាពជោគជ័យ ដូច្នេះយុវជនត្រូវបន្តសហការគ្នា និងគាំទ្រគ្នាទៅវិញទៅមកក្នុងសកម្មភាពសង្គម។
៤. ត្រូវបន្តចូលរួមសកម្មភាពស្ម័គ្រចិត្ត និងសេវាសង្គម ដោយយុវជនគួរបន្តចូលរួមក្នុងសកម្មភាពសង្គម ដើម្បីបង្ហាញពីស្មារតីទទួលខុសត្រូវ និងការចូលរួមអភិវឌ្ឍសហគមន៍។
៥. ធ្វើខ្លួនឱ្យក្លាយជាគំរូល្អសម្រាប់យុវជនដទៃ ដោយប្អូនៗត្រូវយកបទពិសោធន៍ និងចំណេះដឹងដែលទទួលបានពីជំរំ ទៅផ្សព្វផ្សាយ និងចែករំលែកដល់មិត្តភក្តិ និងសហគមន៍ ដើម្បីរួមចំណែកកសាងសង្គមល្អ។



