ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន រួមគ្នាបរិច្ចាគឈាម ដើម្បីចូលរួមជួយសង្គ្រោះជីវិតមនុស្ស និងសកម្មភាពមនុស្សធម៌ក្នុងសង្គម ដោយបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងការយកចិត្តទុកដាក់ចំពោះអ្នកជំងឺដែលត្រូវការឈាមជាបន្ទាន់,
សកម្មភាពនេះក៏បានចូលរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីធានាបាននូវការផ្គត់ផ្គង់ឈាមប្រកបដោយនិរន្តរភាពសម្រាប់សង្គ្រោះជីវិតប្រជាពលរដ្ឋ។
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងសម្របសម្រួលដោយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់» ដោយបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ មណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន ។
កម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់» នេះ រៀបចំឡើងក្នុងគោលបំណងអប់រំ ផ្សព្វផ្សាយ និងបន្តរួមកម្លាំងគ្នាដើម្បីមនុស្សធម៌ ការផ្តល់ឈាមដោយស្ម័គ្រចិត្ត ជាសកម្មភាពសប្បុរសធម៌ដ៏ល្អប្រពៃបំផុត និងជាប្រយោជន៍ជួយសង្គ្រោះជនរងគ្រោះដែលត្រូវការឈាមសង្គ្រោះជីវិត។
“ការបរិច្ចាគឈាម គឺជាសកម្មភាពមនុស្សធម៌ ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមជាបន្ទាន់”
“ឈាមមួយថង់របស់អ្នក អាចក្លាយជាក្តីសង្ឃឹមថ្មីសម្រាប់គ្រួសារមួយ”
“យុវជនសម័យថ្មី ចូលរួមបរិច្ចាគឈាម ដើម្បីបង្ហាញពីការចែករំលែក និងទំនួលខុសត្រូវចំពោះសង្គម”
🩸 «ផ្ដល់ឈាម ផ្ដល់ជីវិត»
🩸 «ឈាមអ្នក ជីវិតគេ»
🩸 «ចែករំលែកឈាម ចែករំលែកក្តីស្រលាញ់» ៕



