រដ្ឋបាលខេត្តព្រះសីហនុ ពិភាក្សាពន្លឿនការ អភិវឌ្ឍន៍គម្រោងសាងសង់ចំណតឆ្លាតវៃ ក្រោមក្របខណ្ឌ PPP នៅតំបន់ផ្សារលើ
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃច័ន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត (ជាន់ទី១) ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីករណីស្នើសុំសិទ្ធិប្រើប្រាស់ដីរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ទីប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ។ ដើម្បីរៀបចំគម្រោងចំណតរថយន្តក្រុងឆ្លាត
វៃខេត្ត ព្រះសីហនុ ក្រោមក្របខណ្ឌគម្រោងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន (PPP) និងការកែសម្រួលឯកសារដេញថ្លៃ។
នៅក្នុងឱកាសនោះ លោក ឯម ភាព អភិបាលរងខេត្ត បានធ្វើការបង្ហាញលម្អិតអំពីគម្រោងសាកល្បងដ៏មានសារៈសំខាន់នេះ។ គម្រោង «ចំណតយានយន្តឆ្លាតវៃ (Smart Parking)» នេះ គឺជាគំនិតផ្តួចផ្តើមដ៏ទំនើបរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅតំបន់ផ្សារលើ ក្នុងសង្កាត់លេខ២ លើផ្ទៃដីសរុប ៣,៧០០ ម៉ែត្រការ៉េ។ អគារចំណតដ៏ទំនើបនេះ នឹងត្រូវសាងសង់ឡើងមានកម្ពស់ ១២ជាន់ ( ២ជាន់ផ្ទាល់ដី) ដោយបែងចែកជា៖ ចំណតបច្ចេកវិទ្យាធម្មតា ចំនួន ៦ជាន់៖ ដែលមានសមត្ថភាពអាចផ្ទុក រថយន្តបានប្រមាណ ២៤៦គ្រឿង, ម៉ូតូ ៧៥៦គ្រឿង, រម៉កកង់បី ៣០គ្រឿង និងរថយន្តក្រុងចំនួន ៤គ្រឿង។ លំហពាណិជ្ជកម្ម ចំនួន ៦ជាន់៖ សម្រាប់បម្រើដល់ការធ្វើអាជីវកម្ម និងសេវាកម្មផ្សេងៗ។
ដើម្បីពន្លឿនគម្រោងនេះឲ្យចេញជារូបរាងឡើង អង្គប្រជុំបានជជែកពិភាក្សាយ៉ាងផុសផុលលើការដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសគឺការសម្របសម្រួលរួមបញ្ចូលគ្នារវាងក្បាលដីរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ជាមួយក្បាលដីរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីរៀបចំឯកសារដាក់ដេញថ្លៃគម្រោងសាងសង់ឲ្យបានឆាប់រហ័សបំផុត។
មានប្រសាសន៍ដឹកនាំក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត បានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ និងចង់ឃើញគម្រោងចំណតឆ្លាតវៃនេះលេចរូបរាងឡើងនៅលើទឹកដីខេត្តព្រះសីហនុក្នុងពេលឆាប់ៗខាងមុខ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិការហូតដល់ជាង ៣០០លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ ទៅតាមគោលការណ៍ “ស្លឹកត្នោតខ្ចប់ស្ករត្នោត”។ ការចតយានយន្តគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ បច្ចុប្បន្នបានបង្កឲ្យមានការខូចខាតដល់ថ្មក្រានីតចិញ្ចើមផ្លូវ ដូច្នេះវត្តមាននៃចំណតឆ្លាតវៃនេះ នឹងក្លាយជាដំណោះស្រាយគន្លឹះក្នុងការរៀបចំសណ្តាប់ធ្នាប់សង្គម បង្កើតរបៀបរៀបរយ និងលើកកម្ពស់សោភ័ណភាពខេត្តឲ្យកាន់តែស្រស់បំព្រង។
ទន្ទឹមនឹងការត្រៀមបង្កើតចំណតឆ្លាតវៃនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនបន្ថែមថា រដ្ឋបាលខេត្តកំពុងតែមមាញឹកក្នុងការជួសជុលកែលម្អថ្មក្រានិត តាមចិញ្ចើមផ្លូវក្នុងក្រុង ដោយមានការ ចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ។ ព្រមទាំងកំពុងជំរុញការដាំដើមឈើតាមដងផ្លូវបន្ថែម ដើម្បីប្រែក្លាយក្រុងព្រះសីហនុឲ្យទៅជា «ទីក្រុងបៃតង» ប្រកបដោយចីរភាព និងការទាក់ទាញខ្ពស់សម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន៕
អត្ថបទ:មនសូត្រ
ថត អ៊ូ ជោត



