សូមប្រុងប្រយ័ត្ន! WHO ព្រមានពីជំងឺ Ebola ដែលផ្ទុះឡើងថ្មីនៅកុងហ្កោជាភាពអាសន្នអន្តរជាតិ ខណៈអ្នកឆ្លងកើនដល់៣០០នាក់ និង ស្លាប់៨៨នាក់ ប៉ុន្តែវាមិនរាតត្បាតដូចកូវីដ១៩នោះទេ…  

រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបាននិយាយកាលពីថ្ងៃអាទិត្យនេះថា អាជ្ញាធរបានជ្រើសរើសទីតាំងនៅ Rwampara និង Mongwalu រួចហើយ ដើម្បីបង្កើតមជ្ឈមណ្ឌលព្យាបាលថ្មី ស្របពេលដែលអ្នកជំងឺរាប់សិបនាក់កំពុងទទួលបានការថែទាំយ៉ាងសកម្ម។ លោក Samuel Roger Kamba កំពុងថ្លែងសុន្ទរកថាពីតំបន់ Bunia អំឡុងពេលលោកចុះពិនិត្យមើលការរៀបចំនៃតំបន់ព្យាបាលថា “យើងបានយកតង់ទាំងអស់មករៀបចំនៅមជ្ឈមណ្ឌលព្យាបាលនេះ។ “ព្រោះយើងដឹងថាពេលនេះមន្ទីរពេទ្យកំពុងស្ថិតនៅក្រោមភាពតានតឹងរួចទៅហើយ ដោយសារតែមានអ្នកជំងឺច្រើន។ ខ្ញុំចង់ជម្រាបជូនសាធារណជននៅទីនេះថា យើងមានអ្នកជំងឺចំនួន ៥៩ នាក់ ដែលកំពុងត្រូវបានថែទាំយ៉ាងសកម្ម។ ប៉ុន្តែយើងកំពុងរៀបចំឱ្យមានមជ្ឈមណ្ឌលព្យាបាលនៅទីតាំងចំនួន៣ថែមទៀត ដើម្បីអាចពង្រីកសមត្ថភាពរបស់យើងបាន”។ មន្ត្រីសុខាភិបាលនៅ Bunia ដែលជាទីក្រុងសំខាន់មួយដែលរងផលប៉ះពាល់ដោយករណីផ្ទុះឡើងនៃមេរោគ Ebola នៅក្នុងខេត្ត Ituri ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បាននិយាយថា មជ្ឈមណ្ឌលព្យាបាលកំពុងត្រូវបានពង្រីក ខណៈដែលមន្ទីរពេទ្យកំពុងតស៊ូយ៉ាងស្វិតស្វាញដើម្បីទប់ទល់នឹងចំនួនអ្នកជំងឺដែលកំពុងកើនឡើងច្រើន។ វិធានការទាំងនេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់អង្គការសុខភាពពិភពលោកក្នុងការប្រកាសពីករណីផ្ទុះឡើងនៃជំងឺ Ebola ដែលបណ្តាលមកពីវីរុសដ៏កម្រមួយប្រភេទនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឬ (DRC) និងប្រទេសជិតខាងអ៊ូហ្គង់ដា ជាភាពអាសន្នសុខភាពសាធារណៈ បានក្លាយជាកង្វល់របស់អន្តរជាតិកាលពីថ្ងៃអាទិត្យនេះដែរ និងក្រោយពីមានករណីសង្ស័យមនុស្សឆ្លងជាង ៣០០ ករណី និងអ្នកស្លាប់ចំនួន ៨៨ នាក់។ អង្គការសុខភាពពិភពលោក WHO បាននិយាយថា ការផ្ទុះឡើងនេះមិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យនៃភាពអាសន្ននៃជំងឺរាតត្បាតដូចជាវីរុស COVID-19 នោះទេ ដូច្នេះ WHO ក៏បានណែនាំកុំឱ្យបិទព្រំដែនអន្តរជាតិដែរ។ ករណីសង្ស័យដំបូងគេបង្អស់ដែលត្រូវបានផ្ទុះឡើង គឺពាក់ព័ន្ធនឹងបុរសអាយុ ៥៩ ឆ្នាំម្នាក់ដែលមានរោគសញ្ញានៅថ្ងៃទី ២៤ ខែមេសា ហើយបានស្លាប់នៅមន្ទីរពេទ្យមួយក្នុងខេត្ត Ituri នៅថ្ងៃបន្ទាប់ទី ២៧ ខែមេសា។ នៅពេលដែលអាជ្ញាធរសុខាភិបាលបានជូនដំណឹងជាលើកដំបូងអំពីករណីផ្ទុះនោះឡើង តាមរយៈរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃទី ៥ ខែឧសភា ករណីស្លាប់បានកើនដល់ចំនួន៥០នាក់ត្រូវរួចទៅហើយ នេះបើយោងតាមទីភ្នាក់ងារ ​​​​Africa CDC។ អង្គការសុខភាពពិភពលោកបាននិយាយថា យ៉ាងហោចណាស់បុគ្គលិកថែទាំសុខភាពចំនួន៤នាក់ ក៏មានចេញរោគសញ្ញា Ebola ដែររហូតដល់បាត់បង់ជីវិត៕

សម្រួលអត្ថបទ៖ សុផារិន្ទ