ខេត្តសៀមរាប ៖ បើតាមការឱ្យដឹងពីមន្រ្តីក្រសួងធនធានទឹក ឲ្យដឹងថា គិតមកទល់ពេលនេះ ទំនប់អាងទឹកសួង៧៨ ស្ថិតនៅក្នុងឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប សម្រេចការជួសជុសបានប្រមាណ៥៧ភាគរយហើយ។
លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ចុះពិនិត្យវឌ្ឍនភាពការងារជួសជុលទំនប់អាងទឹកសួង៧៨ លើកទ្បើងថា ការងារជួសជុលទំនប់មានប្រវែង៣៨០០ម៉ែត្រ ការសាងសង់សំណង់សិល្បការ្យចំនួន៥កន្លែង ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែកក្កដាឆ្នាំ២០២៦ ខាងមុខ។ ក្រោយពេលបញ្ចប់ទំនប់អាងទឹកសួង៧៨ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករប្រមាណ១៧៣៩គ្រួសារ ក្នុងភូមិចំនួន១២ នៃឃុំស្ពានត្នោត ស្រុកជីក្រែង អាចស្រោចស្រពសម្រាប់ផ្ទៃដីស្រូវវស្សាចំនួន១១២០ហិកតា ស្រូវប្រាំងចំនួន២២៣៥ហិកតា និងដំណាំរួមផ្សំចំនួន៣០ហិកតា។
ទំនប់អាងទឹកសួង៧៨ អាចស្ទាក់ទឹកពីទំនប់អាងទឹកម្កាក់តាមរយៈស្ទឹងជីក្រែង និងប្រឡាយស្ពានខៀវ មកស្តុកទុកបាន ត្រូវប្រកាន់ខ្ជាប់នូវបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ ស្របតាមនិក្ខេបបទរបស់គម្រោង ក៏ដូចជាខិតខំជំរុញការងារឱ្យសម្រេចបានតាមផែនការដែលបានកំណត់ទុក និងធានាឱ្យបាននូវគុណភាពសំណង់រឹងមាំដែលអាចប្រើប្រាស់បានយូរអង្វែង៕



