ពលរដ្ឋជាង ៤ពាន់នាក់ក្នុងស្រុកដងទង់ ខេត្តកំពត ទទួលបានការព្យាបាលដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី

ខេត្តកំពត ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បានចុះរៀបចំកម្មវិធីអប់រំសុខភាព ពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកដងទង់ប្រមាណជាង ៤ពាន់នាក់ ដែលពិធីនេះបានធ្វើឡើងនៅក្នុងវិទ្យាល័យ ហ៊ុន សែន ដងទង់ ស្ថិតក្នុងឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក៏បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពិសេសឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលនាពេលនេះ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតលើកឡើងថា បច្ចុប្បន្នសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែគិតគូរសុខទុក្ខ ចំពោះសុខមាលភាព និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងតែងតែបង្កលក្ខណៈងាយស្រួលក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ព្រមទាំងបញ្ជូនប្រជាពលរដ្ឋដែលមានករណីធ្ងន់ធ្ងរទៅព្យាបាលនៅតាមមន្ទីរពេទ្យធំៗក្នុងរាជធានីភ្នំពេញ ក្រោមការជួយឧបត្ថម្ភទាំងស្រុងពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតក៏បានលើកឡើងដោយគូសបញ្ជាក់ថា គោលបំណងសំខាន់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត គឺរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ រួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេសតាមទីជនបទដាច់ស្រយាលនានា៕