ឯកឧត្តម ឈួរ សុបញ្ញា: ការទទួលតួនាទីថ្មី មិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភារកិច្ចដ៏ធំធេងនិងអម្រែកដ៏ធ្ងន់ផងដែរក្នុងការរួមចំណែកដឹកនាំព្រះសង្ឃ និងអភិវឌ្ឍវិស័យសាសនាឱ្យមានរបៀបរៀបរយ និងប្រសិទ្ធភាព
នៅរសៀលថ្ងៃអាទិត្យ ១ កើត ខែជេស្ធ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺបានចូលរួមក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះភិក្ខុមុនីបញ្ញា សឿន សំអូន ព្រះលេខាធិការសាលាអនុគណស្រុក ឱ្យឡើងទីជាព្រះសមុហ៍អនុគណស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពិធីនេះបានប្រព្រឹត្តទៅនៅវត្តអង្គតាព្រហ្មណ៍មានជ័យ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នោងមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះមេគណ ព្រះអនុគណ ព្រះមន្រ្តីសង្ឃ ព្រះថេរានុថេរៈ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទប្រមាណ ៥០០រូប។
ឯកឧត្តមថ្លែងថា ពិធីស្រោចស្រពព្រះសុគន្ធវារីនេះ មិនត្រឹមជាពិធីប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញានៃការទទួលស្គាល់សមត្ថភាព សេចក្តីខិតខំប្រឹងប្រែង និងគុណធម៌របស់ព្រះសង្ឃ ដែលបានបំពេញភារកិច្ចសាសនាកិច្ចយ៉ាងសកម្មក្នុងសង្គមព្រះពុទ្ធសាសនាខ្មែរ។ ពិធីស្រោចស្រពព្រះសុគន្ធវារីនេះ ជាការបង្ហាញពីការបន្តថែរក្សានូវទំនៀមប្រពៃណីពុទ្ធសាសនាខ្មែរ ដែលជាគ្រឹះនៃអត្តសញ្ញាណជាតិ។ ការតែងតាំងព្រះសមុហ៍អនុគណស្រុកគងពិសី គឺជាជំហានសំខាន់មួយ ក្នុងការពង្រឹងរចនាសម្ព័ន្ធដឹកនាំសង្ឃ និងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ឱ្យបន្តរីកចម្រើនស្របតាមបរិបទសង្គមសម័យថ្មី ដូចព្រះពុទ្ធបន្ទូលបានបញ្ជាក់ថា៖ “ធម្មោ ហវេ រក្ខតិ ធម្មចារី” ធម៌ការពារអ្នកប្រតិបត្តិធម៌។ ព្រះសង្ឃដែលប្រតិបត្តិតាមធម៌ និងបំពេញភារកិច្ចដោយសុចរិតភាព នឹងក្លាយជាសសរទ្រូងដ៏រឹងមាំ សម្រាប់ការពារនិងអភិវឌ្ឍសង្គម និងជាតិឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់៕
ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមបានជូនជាទស្សនៈយោបល់ចំពោះការទទួលបានតួនាទីថ្មីរបស់ព្រះសមុហ៍អនុគណស្រុកគងពិសី ដូចខាងក្រោម ៖
១. ការទទួលតួនាទីថ្មី មិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភារកិច្ចដ៏ធំធេងនិងអម្រែកដ៏ធ្ងន់ផងដែរ ព្រោះការឡើងតំណែងនេះ មិនមែនជាការទទួលបានតែឋានៈប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលយកភារកិច្ចដ៏ធ្ងន់ធ្ងរ ក្នុងការរួមចំណែកដឹកនាំព្រះសង្ឃ និងអភិវឌ្ឍវិស័យសាសនាឱ្យមានរបៀបរៀបរយ និងប្រសិទ្ធភាព។
២. ការទទួលបានតួនាទីព្រះសមុហ៍អនុគណនេះ ត្រូវតែធ្វើជាគំរូល្អ ក្នុងការអនុវត្តសីលធម៌ វិន័យ និងការផ្សព្វផ្សាយព្រះធម៌ ដើម្បីបណ្តុះមនុស្សល្អ និងសង្គមល្អ។
៣. ជាការចូលរួមលើកកម្ពស់សាមគ្គីភាព និងសន្តិភាពសង្គម ព្រោះតួនាទីនេះ ក៏ជាភារកិច្ចសំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងសាមគ្គីភាពរវាងព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលជាគ្រឹះនៃសង្គមរីកចម្រើន។
ព្រមជាមួយគ្នានេះ សម្តេចព្រះធម្មលិខិតបណ្ឌិត បានប្រទានឱវាទដ៏មានអត្ថន័យជ្រាលជ្រៅ ដើម្បីណែនាំ និងលើកទឹកចិត្តព្រះសមុហ៍អនុគណ និងព្រះសង្ឃទាំងអស់ ដូចតទៅ៖
១. ព្រះអង្គត្រូវរក្សាវិន័យសង្ឃឱ្យបានខ្ជាប់ខ្ជួន ព្រោះវិន័យជាគ្រឹះនៃព្រះសង្ឃ បើគ្មានវិន័យ ព្រះសង្ឃនឹងបាត់បង់តម្លៃ និងភាពគោរពក្នុងសង្គម។
២. ត្រូវបន្តផ្សព្វផ្សាយព្រះធម៌ ដើម្បីបណ្តុះសីលធម៌សង្គម ព្រោះព្រះសង្ឃត្រូវមានតួនាទីសំខាន់ក្នុងការបណ្តុះសីលធម៌ ដល់ប្រជាពលរដ្ឋ និងយុវជន ដើម្បីកសាងសង្គមសន្តិភាព និងមានវប្បធម៌ល្អ។
៣. ត្រូវពង្រឹងការគ្រប់គ្រង និងសហការគ្នាក្នុងស្ថាប័នសង្ឃដោយសហការល្អ រវាងព្រះសង្ឃគ្រប់ថ្នាក់ ដើម្បីធានាការគ្រប់គ្រងមានប្រសិទ្ធភាព និងឯកភាពក្នុងការអនុវត្តភារកិច្ចសាសនា។



