ឯកឧត្តម ឈួរ សុបញ្ញា : បើយុវជនខ្មែររស់នៅដោយសីលធម៌ និងគុណធម៌ នោះមិនត្រឹមតែការពារខ្លួនឯងទេ ប៉ុន្តែជាថាមពលដ៏រឹងមាំសម្រាប់ការពារអនាគតជាតិ ការពារអរិយធម៌ខ្មែរ និងការកសាងសង្គមមួយដែលមានសុខសន្តិភាព និងចីរភាពជារៀងរហូត

កំពង់ស្ពឺ-នៅវេលាព្រឹកថ្ងៃសុក្រ ១៤ រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ  សុបញ្ញា ប្រធានក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញបានអញ្ជើញធ្វើបទបង្ហាញស្តីពី “ការអប់រំសីលធម៌សង្គមតាមបែបពុទ្ធសាសនោវាទ” ដល់យុវជន ក្នុងពិធីបោះជំរំក្រុមប្រឹក្សាយុវជនរាជធានីភ្នំពេញ នៅភូមិដំណាក់ដំរីរីសត ស្ថិតនៅក្នុងភូមុដែលជាវេទិកាប្រចាំឆ្នាំដ៏មានតម្លៃក្នុងការបណ្តុះសមត្ថភាព បញ្ញា និងស្មារតីជាតិនៃជំនាន់ក្រោយរបស់រាជធានីភ្នំពេញ។

ឯកឧត្តមបានថ្លែងថា ក្នុងបរិបទសង្គមសម័យទំនើប ដែលកំពុងផ្លាស់ប្តូរយ៉ាងលឿនដោយឥទ្ធិពលបច្ចេកវិទ្យា សេដ្ឋកិច្ច និងវប្បធម៌បរទេស ការអប់រំសីលធម៌សង្គមតាមបែបពុទ្ធសាសនា កាន់តែមានតួនាទីសំខាន់ក្នុងការទប់ស្កាត់ការប្រែប្រួលអវិជ្ជមាន និងបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍជាតិយ៉ាងចីរភាព។ ព្រះពុទ្ធបានសម្តែងថា៖“សីលំ រក្ខេយ្យ’’ សីលជាគ្រឿងការពារខ្លួន”ប៉ុន្តែនៅក្នុងបរិបទជាតិ សីលធម៌មិនត្រឹមការពារខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះការពារសង្គម និងជាតិទាំងមូលផងដែរ។ជាតិមួយអាចមានការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ឬបច្ចេកវិទ្យា ប៉ុន្តែបើខ្វះសីលធម៌ នោះការអភិវឌ្ឍនោះនឹងមិនអាចឈរយូរបានឡើយ។ ពិតប្រាកដណាស់ កម្លាំងពិតនៃជាតិ មិនស្ថិតនៅលើសម្បត្តិវត្ថុប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណធម៌ និងស្មារតីរបស់ប្រជាជន ជាពិសេសយុវជន ដែលជាមូលដ្ឋាននៃអនាគតជាតិ។ ក្នុងន័យនេះ គោលការណ៍សីលធម៌សង្គមតាមបែបពុទ្ធសាសនា ដូចជា ហិរិ–ឱត្តបៈ (ការខ្មាស់អំពើអាក្រក់ និងការភ័យខ្លាចបាប) សច្ចៈ (ភាពស្មោះត្រង់) កត្តញ្ញូ–កត្តវេទី (ការដឹងគុណ និងសងគុណ) និងខន្តី (ភាពអត់ធ្មត់) គឺជាគ្រឹះដ៏រឹងមាំសម្រាប់ការបណ្តុះបណ្តាលមនុស្សល្អ និងសង្គមល្អ។ គោលការណ៍ទាំងនេះ មិនមែនជាសាសនធម៌សម្រាប់អតីតកាលទេ ប៉ុន្តែជាមូលដ្ឋានសម្រាប់ការពារនិងអភិវឌ្ឍអនាគតជាតិយើង។ ក្នុងឱកាសនេះ ឯកឧត្តមសូមផ្តល់អនុសាសន៍ដ៏សំខាន់ៗដល់យុវជនក្នុងបទបង្ហាញនាពេលនោះ ដូចតទៅ៖

ទី១៖ ត្រូវយកសីលធម៌ជាគោលដៅជីវិត ដោយយុវជនទាំងត្រូវដឹងថា ចំណេះដឹងគ្មានសីលធម៌ គឺអាចក្លាយជាឧបករណ៍បំផ្លាញសង្គម។ ដូច្នេះ សីលធម៌ត្រូវដើរនាំមុខចំណេះដឹងជានិច្ច។

ទី២៖ បណ្តុះហិរិ និង ឱត្តបៈក្នុងចិត្ត ដោយការខ្មាស់អំពើអាក្រក់ និងការភ័យខ្លាចផលបាប គឺជាគន្លឹះទប់ស្កាត់អំពើខុស និងការពារខ្លួនឯងពីការធ្លាក់ចុះក្នុងផ្លូវអវិជ្ជា។

ទី៣៖ គោរពសច្ចៈ និងសុចរិតភាព ដោយភាពស្មោះត្រង់ គឺជាគ្រឹះនៃការរស់នៅជាមួយគ្នាដោយសុខសាន្ត និងជាគុណតម្លៃដែលធ្វើឱ្យសង្គមមានការជឿជាក់។

ទី៤៖ ដឹងគុណ និងសងគុណជានិច្ច ដោយយុវជនត្រូវចងចាំគុណឪពុកម្តាយ គ្រូបង្រៀន បុព្វការីជន និងជាតិ។ មនុស្សដែលភ្លេចគុណ គឺជាមនុស្សដែលបាត់បង់ឫសគល់នៃខ្លួនឯង។

ទី៥៖ អត់ធ្មត់ និងរួមសាមគ្គីភាព ព្រោះការអភិវឌ្ឍជាតិមិនអាចកើតមានដោយមនុស្សម្នាក់ឯងទេ តែត្រូវការសាមគ្គីភាព និងការយោគយល់គ្នា។

ទី៦៖ ក្លាយជាកម្លាំងការពារជាតិដោយបញ្ញា និងគុណធម៌ ព្រោះក្នុងសម័យសន្តិភាព យុវជនត្រូវប្រើបញ្ញា សីលធម៌ និងស្មារតីជាតិ ជាអាវុធសម្រាប់ការពារនិងអភិវឌ្ឍប្រទេស។