ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ចុះជួបជាមួយប្រជាកសិករ និងអាជ្ញាធរដែនដីនៅតំបន់បឹងម្លិច ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅ ការបង្កបង្កើនផល និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមដំណើរដោយ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាកសិករ និងអាជ្ញាធរដែនដី នៅតំបន់បឹងម្លិច ស្ថិតក្នុងភូមិកោះកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង ក៏ដូចជាបញ្ហាប្រឈម និងតម្រូវការនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងារបានស្តាប់របាយការណ៍ពីអាជ្ញាធរមូលដ្ឋាន និងការលើកឡើងពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងជីវភាពរស់នៅ ការធ្វើកសិកម្ម ប្រព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាប្រឈមផ្សេងៗដែលកំពុងជួបប្រទះ។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យបានល្អ និងខិតខំដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅលើកកម្ពស់ជីវភាព និងការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕



