ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានសរសើរថ្នាក់ដឹកនាំមូលដ្ឋានឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ហើយបានជំរុញឱ្យអាជ្ញាធរពង្រឹងសេវាសាធារណៈ ដោះស្រាយបញ្ហាសង្គម និងបន្តកែលម្អការអភិវឌ្ឍមូលដ្ឋាន,
(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ថ្លែងការសរសើរដល់ថ្នាក់ដឹកនាំឃុំកញ្ជរ ស្រុកឆ្លូង ដែលបានខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋានបានទាន់ពេលវេលា។
ឯកឧត្តមប្រធានក្រុមការងារ ក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋាន បន្តពង្រឹងសាមគ្គីភាព កិច្ចសហការជាមួយប្រជាពលរដ្ឋ និងខិតខំអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ជីវភាព និងការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
ការថ្លែងសរសើររបស់ ឯកឧត្តម នេត្រ ភក្ត្រា ធ្វើឡើងក្នុងឱកាស អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រុមប្រឹក្សាឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ។
ឯកឧត្តមរដ្ឋមន្ត្រី បានសរសើរថ្នាក់ដឹកនាំឃុំសម្រាប់ការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងក្រុមប្រឹក្សាឃុំ និងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីលុបបំបាត់ក្រុមក្មេងទំនើង ការជួញដូរគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់។
ឯកឧត្តមបានគូសបញ្ជាក់ថា “ភាពជាអ្នកដឹកនាំគឺមានសារៈសំខាន់ បន្ថែមពីលើការផ្តល់សេវាសាធារណៈល្អសម្រាប់ប្រជាជន” តាមរយៈនេះ ក៏បានជំរុញឱ្យមន្ត្រីមូលដ្ឋានខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីរក្សាទំនុកចិត្តពីសាធារណជន និងការគាំទ្រពីប្រជាពលរដ្ឋ។ “យើងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ”។
លោកស្រី គា ប៊ុនណារី មេឃុំកញ្ជរ បានឲ្យដឹងថា នៅទូទាំងឃុំ មានប្រជាជនចំនួន ១ ៥៧៥ គ្រួសារ សរុបជាង២ ៤០០នាក់ ដែលភាគច្រើនពឹងផ្អែកលើវិស័យកសិកម្មសម្រាប់ជីវភាពរស់នៅរបស់ពួកគេ។
នៅក្នុងឱកាសនេះដែរ លោកស្រី មេឃុំ បានស្នើសុំ រទេះរុញជនពិការចំនួន ៧គ្រឿង ទុកសម្រាប់ ផ្តល់ជូនប្រជាពលរដ្ឋពិការ ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានប្រគល់ជូនតាមការស្នើសុំ។
ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានក្រុមការងារ បានលើកទឹកចិត្តបន្ថែមទៀតដល់អាជ្ញាធរ មូលដ្ឋានឲ្យផ្តល់អាទិភាពដល់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ផ្លូវថ្នល់ និងប្រព័ន្ធទឹក ដែលជាផ្នែកមួយនៃកិច្ចខិតខំ ប្រឹងប្រែងដើម្បីកែលម្អលក្ខខណ្ឌ រស់នៅ និងគាំទ្រដល់ការ អភិវឌ្ឍ មូលដ្ឋាននាពេលអនាគត មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៦ ប្រព្រឹត្តទៅនៅថ្ងៃទី៦ មិថុនា ឆ្នាំ២០២៧ ៕



