លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានដឹកនាំគណៈប្រតិភូចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការងារសាងសង់អគារអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រី្ត​ក្រីក្រមកពីបណ្តាខេត្ត

កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានដឹកនាំគណៈប្រតិភូចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការងារនៃសាងសង់អគារអន្តេវាសិកដ្ឋាន  ដែលជាអំណោយដ៏ថ្លៃថ្លា និងពោរពេញដោយទឹកចិត្តមនុស្សធម៌របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងគោលបំណងលើកកម្ពស់ការទទួលបានការអប់រំថ្នាក់ឧត្តមសិក្សា ដល់និស្សិតស្រ្តីដែលមានស្ថានភាពលំបាក ជីវភាពក្រីក្រមកបន្តការសិក្សានៅរាជធានីភ្នំពេញ ដែលជាចំណែកមួយនៃអភិវឌ្ឍធនធានមនុស្ស ជាពិសេសការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិនារី។ គម្រោងនេះ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគលើវិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាពនារីកម្ពុជា ដើម្បីរួមចំណែកកសាងធនធានមនុស្សប្រកបដោយគុណភាព សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីបានចុះត្រូតពិនិត្យដោយផ្ទាល់នូវគំរូបន្ទប់ស្នាក់នៅ បន្ទប់និស្សិតដែលមានពិការភាព កន្លែងលេងកីឡា ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី ការតភ្ជាប់ប្រព័ន្ធអ៉ីនធឺណែតផងដែរ។

អន្តេវាសិកដ្ឋាននេះ មានទីតាំងនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។