ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជួបក្រុមប្រឹក្សាឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់នានានៅក្នុងមូលដ្ឋាន សំដៅរួមចំណែកលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព,

(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមដំណើរដោយ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រុមប្រឹក្សាឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់នានានៅក្នុងមូលដ្ឋាន សំដៅរួមគ្នារកដំណោះស្រាយ និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ពិសេសលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានស្តាប់របាយការណ៍ និងមតិយោបល់ពីថ្នាក់ដឹកនាំឃុំ ព្រមទាំងមន្ត្រីពាក់ព័ន្ធ អំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ បញ្ហាហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សេវាសាធារណៈ ការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងបញ្ហាប្រឈមផ្សេងៗដែលកំពុងកើតមាននៅក្នុងមូលដ្ឋាន។

ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បន្តបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ បម្រើប្រជាពលរដ្ឋឱ្យបានល្អ និងខិតខំដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែប្រសើរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានជម្រាបជូនពីដំណើរការងារ

កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ឃុំ-សង្កាត់ គឺជាការផ្ទេរសិទ្ធិអំណាច តួនាទី ភារកិច្ច និងធនធានមួយចំនួនពីរាជរដ្ឋាភិបាលថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជា ឃុំ និងសង្កាត់ ដើម្បីឱ្យមានការគ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋ។

ឯកឧត្តមប្រធានក្រុមការងារ បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរដែនដី ក្រុមប្រឹក្សាឃុំ បន្តកិច្ចការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែលឿន និងមានប្រសិទ្ធភាពបន្ថែមទៀត៕