ពុទ្ធិកសិក្សា មិនត្រឹមតែបង្រៀនអំពីចំណេះដឹងទេ ប៉ុន្តែបណ្តុះមនុស្សឱ្យមានបេះដូងដឹងគុណ មានសីលធម៌ និងមានទំនួលខុសត្រូវចំពោះជាតិ និងសង្គម
នៅរសៀលថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា សមាជិកគណ:កម្មាធិការនាយកនៃពុទ្ធិកសមាគមកម្ពុជរដ្ឋបានចូលរួមពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំ២០២៦-២០២៧ នៅសាលាពុទ្ធិកបឋមសិក្សាវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។ ក្នុងពិធីនេះក៏មានការនិមន្ត អញ្ជើញចូលរួមពីសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ប្រធានលេខាធិការដ្ឋាន ស.ន.ក.ជ និងជាព្រះអគ្គាធិការរងនៃអគ្គធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន សមាជិកលេខាធិការ នៃលេខាធិការដ្ឋាន ស.ន.ក.ជ និងជាប្រធានផ្នែកពុទ្ធិកឧត្តមសិក្សានិងក្រោយពុទ្ធិកឧត្តមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះពុទ្ធវង្ស សុខ សុភាព សមាជិកលេខាធិការ នៃលេខាធិការដ្ឋាន ស.ន.ក.ជ និងជាប្រធានផ្នែកពុទ្ធិកបឋមសិក្សានិងធម្មវិន័យ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះឥន្ទមុនី សុំ សុខា សមាជិកលេខាធិការ នៃលេខាធិការដ្ឋាន ស.ន.ក.ជ ព្រះមេត្តានុរ័ក្ខ ង៉ែត រ៉ាល់ សមាជិកលេខាធិការ នៃលេខាធិការដ្ឋាន ស.ន.ក.ជ ព្រះវិរិយសំវរ ព្រីង ឆាង សមាជិកលេខាធិការ នៃលេខាធិការដ្ឋាន ស.ន.ក.ជ និងជាអនុប្រធានផ្នែកពុទ្ធិកឧត្តមសិក្សានិងក្រោយពុទ្ធិកឧត្តមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សមណសិស្ស សិស្ស និងសប្បុរសជន សរុបចំនួន៤៨០រូបផងដែរ។ ពិធីនេះបានប្រព្រឹត្តទៅនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័ហទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំ២០២៦–២០២៧ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ និងជាព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានមានថេរដីកាផ្តល់អនុសាសន៍ដល់សមណសិស្ស លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រង ដូចតទៅ៖
១. ត្រូបខិតខំរៀនសូត្រជាមូលដ្ឋាននៃជីវិតដោយសមណសិស្សគ្រប់អង្គត្រូវយកចិត្តទុកដាក់ក្នុងការសិក្សាទាំងពុទ្ធិកវិជ្ជា និងចំណេះដឹងទូទៅ ដើម្បីកសាងមូលដ្ឋានបញ្ញាឱ្យរឹងមាំ និងអាចបម្រើសាសនា និងសង្គមបានល្អ។
២. ត្រូវរក្សាវិន័យ និងសីលធម៌ជាគោលជីវិត ព្រោះវិន័យគឺជាគ្រឹះនៃភាពរឹងមាំរបស់សមណសិស្ស ដូច្នេះត្រូវប្រកាន់ខ្ជាប់វិន័យ សីលធម៌ និងការគោរពគ្នាទៅវិញទៅមកក្នុងសហគមន៍សិក្សា។
៣. ត្រូវបណ្តុះស្មារតីសាមគ្គី និងការរួមរស់ជាសមណៈសក្យបុត្រដោយការរស់នៅរួមគ្នាក្នុងសាលា និងទីអាវាសរបស់ខ្លួនត្រូវមានសាមគ្គីភាព សុភាពរាបសារ និងការជួយគ្នាទៅវិញទៅមក ដើម្បីបង្កើតបរិយាកាសសិក្សា និងការរស់នៅដែលមានសន្តិភាព និងសុខដុម។
៤. ត្រូវយកព្រះធម៌ជាគោលដៅក្នុងជីវិតដោយព្រះធម៌គឺជាផ្លូវដឹកនាំជីវិតឱ្យចៀសវាងអំពើអាក្រក់ និងដឹកនាំទៅរកសុចរិតភាព បញ្ញា និងសេចក្តីសុខពិតប្រាកដ។
៥. ត្រូបបន្តតួនាទីជាអ្នកបម្រើសាសនានិងសង្គម ដោយសមណសិស្សក្រោយពេលបញ្ចប់ការសិក្សា ត្រូវក្លាយជាកម្លាំងមនុស្សមានគុណភាព ដែលអាចបម្រើព្រះពុទ្ធសាសនា សង្គម និងជាតិដោយមានទំនួលខុសត្រូវ និងសេចក្តីស្មោះត្រង់ ទាំងក្នុងព្រះពុទ្ធចក្រ និងអាណាចក្រ។



