មន្ទីរកសិកម្មខេត្តព្រះសីហនុបង្កើត មជ្ឈមណ្ឌលផ្សព្វផ្សាយបំនិនជីវិតផ្នែកវារីវប្បកម្មសមុទ្រ (បច្ចេកទេសចិញ្ចឹមគ្រឿងសមុទ្រ)ដើម្បីបង្កើនចំណូលប្រជាសហគមន៍តំបន់ឆ្នេរ
មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ ដោយមានការគាំទ្រពីក្រសួងកសិកម្មនិងរដ្ឋបាលខេត្តព្រះសីហនុ បានបង្កើតមជ្ឈមណ្ឌលវារីវប្បកម្មសមុទ្រនេះឡើងដើម្បីឆ្លើយតបនឹងគោលបំណងចំបងចំនួន៣៖
១.ការកើនឡើងនៃតម្រូវការអាហារសមុទ្រពីភ្ញៀវទេសចរ និងទីផ្សារបានធ្វើអោយផលចាប់ពីធម្មជាតិមិនអាចឆ្លើយតបបានគ្រប់គ្រាន់តាមតម្រូវការជាក់ស្ដែងទៀតឡើយ ។
២.ការពឹងផ្អែកតែលើធនធានធម្មជាតិតែមួយមុខគឺមិនគ្រប់គ្រាន់ទេ ពោលគឺមានការទាមទាអោយមានការអនុវឌ្ឍវិស័យវារីវប្បកម្មសមុទ្រអោយកាន់តែទំនើប មានលក្ខណៈបច្ចេកទេស ដើម្បៅធានានូវចីរភាពជីវភាពសម្រាប់សហគមន៍តំបន់ឆ្នេរ។
៣.ឆ្លើយតបយុទ្ធសាស្រ្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទស្សនៈវិស័យមន្ទីរកសិកម្មខេត្ត។
មជ្ឈមណ្ឌលនេះគ្របដណ្តប់លើផ្ទៃដីជាង១៦ហិចតា ស្ថិតនៅក្នុងភូមិសាស្ត្រតំបន់ព្រៃលិចទឹកក្បែរមាត់ព្រែកកំពង់ស្មាច់ នៃភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំចិញ្ចឹមមច្ឆាសមុទ្រដែលអនុវត្តផ្ទាល់ដោយមន្ទីរកសិកម្ម។
ឯកឧត្តម បានបង្ហាញនូវការគាំទ្រនិងថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរកសិកម្ម ដែលបានបង្កើតមជ្ឈមណ្ឌលនេះឡើង។
ឯកឧត្តមកត់សំគាល់ថាតាមរយៈគម្រោងវារីវប្បកម្មសមុទ្រនេះនឹងជាផ្នែកមួយជួយពង្រឹងសេដ្ឋកិច្ច
បង្កើតប្រាក់ចំណូលជូនសហគមន៍តំបន់ឆ្នេរ។
ជាកន្លែងបណ្តុះបណ្តាលបច្ចេកទេសឬចំណេះដឹងផ្នែកចិញ្ចឹមមច្ឆាសមុទ្រជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងអាចចូលរួមបង្កើនជលផលក្នុងស្រុក កាត់បន្ថយការនាំចូលគ្រឿងសមុទ្រពីខាងក្រៅ។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអោយដឹងថាមជ្ឈមណ្ឌលវារីវប្បកម្មសមុទ្រនេះមានផ្ទៃដី ១៦ហិកតា។ជំហ៊ានដំបូងក្នុងរយៈពេលត្រឹមតែ ១០៥ថ្ងៃសម្រេចបាននូវការរៀបចំស្រះចិញ្ចឹមចំនួន៤។
-ស្រះទី១ កំពុងចិញ្ចឹមត្រីស្ពង់។
-ស្រះទី២ ចិញ្ចឹមក្តាមថ្ម និងបង្គារ។
-ស្រះទី៣ និងទី៤ ទើបចាប់ផ្តើមដាក់កូនក្តាមថ្ម និងបង្គារជាបន្ត។
តាមផែនការនឹងពង្រីកដល់ស្រះទី៧ ដែលជាស្រះធំជាងគេមានទំហំរហូតដល់ ៦ហិកតា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការសិក្សាស្រាវជ្រាវ។

អត្ថបទ៖ ស្រីមុំ


