រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រគល់ម៉ូតូចំនួន ១០គ្រឿងជូនមន្ត្រីរាជការ ដើម្បីលើកទឹកចិត្តក្នុងការបំពេញភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត
(ភ្នំពេញ)៖ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចុះបំពេញកិច្ចការងារឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញប្រគល់នូវម៉ូតូថ្មីប្រភេទ Honda Dream ចំនួន ១០គ្រឿង ជូនមន្ត្រីរាជការនៃក្រសួងព័ត៌មានក្នុងការបំពេញភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។
ក្នុងចំណោមមន្ត្រីរាជការដែលទទួលបានម៉ូតូ គឺមកពីអគ្គលេខាធិការដ្ឋាន នាយកដ្ឋានសវកម្មផ្ទៃក្នុង អធិការដ្ឋាន មណ្ឌលបណ្តុះបណ្ដាល អង្គភាពលទ្ធកម្ម ខុទ្ទកាល័យរដ្ឋមន្ត្រី និងអគ្គនាយកដ្ឋានទាំង៤ចំណុះឱ្យក្រសួងព័ត៌មាន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការផ្តល់ម៉ូតូជូនមន្ត្រីរាជការ គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្នុងការគាំទ្រ និងសម្រួលដល់ការបំពេញការងាររបស់មន្ត្រីឱ្យកាន់តែមានភាពងាយស្រួល ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស ស្របតាមតម្រូវការការងារជាក់ស្តែង។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ បន្តខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកលើកកម្ពស់វិស័យព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត។
ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្តាំផ្ញើដល់មន្ត្រីដែលមានភារកិច្ចបំពេញការងារដោយប្រើប្រាស់មធ្យោបាយម៉ូតូស្លាកលេខរដ្ឋនេះធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ហើយត្រូវយល់ថា ការប្រើប្រាស់របស់រដ្ឋ គឺប្រើប្រាស់របស់ប្រជាជន ត្រូវគោរពអ្នកនៅជុំវិញ ហើយត្រូវថែរក្សាឱ្យបានល្អ ដើម្បីការប្រើប្រាស់ជាផលប្រយោជន៍រួមបានយូរអង្វែង និងថែរក្សាកេរ្តិ៍ឈ្មោះក្រសួងព័ត៌មាន៕



