ទោះបីជាជំនួបរវាងមេដឹកនាំចិន-អាម៉េរិកកាលពីម្សិលមិញមិនទាន់សម្រេចបានលើបញ្ហាសង្រ្គាមនៅអ៊ីរ៉ង់ និងកោះតៃវ៉ាន់ក្តី! ប៉ុន្តែលោក Xi Jinping នៅតែទទួចថាប្រទេសយើងទាំង២គួរតែជា«ដៃគូ មិនមែន គូប្រជែង» គ្នានោះទេ..
អំឡុងពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងលោកប្រធានាធិបតីចិន Xi Jinping បានអញ្ជើញមកដល់ពិធីជប់លៀងរួមគ្នាកាលពីល្ងាចមិញ នៅឯសាលប្រជុំធំប្រជាជន ក្នុងទីក្រុងប៉េកាំង បន្ទាប់ពីបានជជែកពិភាក្សាគ្នាលើកិច្ចការសំខាន់ៗបន្តបន្ទាប់ក្នុងកិច្ចប្រជុំកំពូលអាមេរិក-ចិន ដើម្បីស្ថិរភាពក្នុងទំនាក់ទំនង គឺជាគោលដៅចម្បងនៃជំនួបពិភាក្សារយៈពេលពីរថ្ងៃនេះដែររបស់មេដឹកនាំទាំងពីរ។ មន្រ្តីសេតវិមាន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បាននិយាយថា មេដឹកនាំទាំងពីរបានបញ្ចប់កិច្ចប្រជុំរបស់ពួកគេហើយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញបន្ទាប់ពីចំណាយរយៈពេលជាង២ម៉ោង។ ប៉ុន្តែកិច្ចប្រជុំពិភាក្សារបស់មេដឹកនាំចិន អាម៉េរិក បានរកឃើញនូវដំណោះស្រាយតិចតួចណាស់ទាក់ទងទៅនឹងបញ្ហាដែលធ្លាប់បែកបាក់គ្នា ខ្វែងគំនិតគ្នា រាប់ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ វិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា និងបញ្ហាកោះតៃវ៉ាន់ជាដើម ។ មេដឹកនាំចិន លោក Xi Jinping បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងទីក្រុងប៉េកាំងធ្វើការជាមួយគ្នាក្នុងភាពជា «ដៃគូ» ប្រសើរជាជាង «ក្នុងនាមជាគូប្រជែង» ហើយក្នុងពិធីជប់លៀងអបអរសាទរថ្នាក់រដ្ឋនោះដែរ ភាគច្រើនគឺមានភាពវិជ្ជមានខ្ពស់ ទោះបីជាមានគំនិតខ្លះមិនទាន់ស្របគ្នាក៏ដោយ។ លោក Xi បាននិយាយថា «យើងទាំងពីរជឿជាក់ថា ទំនាក់ទំនងចិន និងសហរដ្ឋអាមេរិក គឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅក្នុងពិភពលោក»។ លោកបានបន្ថែមថា «យើងត្រូវតែធ្វើឱ្យឲ្យវាមានដំណើរការល្អ ហើយមិនត្រូវធ្វើឱ្យវាខូចខាតឡើយ»។ លោក Xi បានកត់សម្គាល់ថាឆ្នាំ២០២៦នេះ ក៏ជាខួបលើកទី ២៥០ ឆ្នាំនៃឯករាជ្យភាពរបស់អាមេរិកផងដែរ។ លោកបានមានប្រសាសន៍ថាទស្សនៈវិស័យនៃ «ការសម្រេចបាននូវការរស់ឡើងវិញដ៏អស្ចារ្យរបស់ប្រជាជាតិចិន និងទស្សនៈការធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត គឺអាចដើរទន្ទឹមគ្នាបាន»។ «ទាំងចិន និងសហរដ្ឋអាមេរិក សុទ្ធតែទទួលបានផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ និងការខាតបង់ពីការប្រឈមមុខដាក់គ្នា ដូចគ្នាទាំងអស់ ដូច្នេះពួកយើងគួរតែជាដៃគូល្អ ប្រសើរជាងក្លាយជាគូប្រជែងគ្នា»។ លោកប្រធានាធិបតី Donald Trump នឹងធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ នៅរសៀលថ្ងៃសុក្រនេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំជាឯកជនចុងក្រោយ ជាមួយលោកប្រធានាធិបតី Xi ។ នៅចំពោះមុខនៃពិធីជប់លៀងថ្នាក់រដ្ឋនោះដែរ លោក Trump បានថ្លែងអំណរគុណដល់លោកប្រធានាធិបតី Xi ចំពោះការបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះរបស់លោកមកកាន់គណៈប្រតិភូអាម៉េរិក ប្រៀបដូចជា«ជាថ្ងៃដ៏អស្ចារ្យមួយ» នៅក្នុងប្រទេសចិន។ លោក Trump បាននិយាយថា «នេះជាមហាកិត្តិយសបំផុត និងជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់លោកដែរ» «វាពិតជាការស្វាគមន៍ដ៏អស្ចារ្យមិនដូចថ្ងៃណាផ្សេងទៀតឡើយ»។ លោកប្រធានាធិបតីអាមេរិក Donald Trump ក៏បានគោរពអញ្ជើញលោកប្រធានាធិបតី Xi Jinping និងភរិយារបស់លោកដែរ អញ្ជើញទៅទស្សនកិច្ចនៅសហរដ្ឋអាម៉េរិកនៅថ្ងៃទី ២៤ ខែកញ្ញាខាងមុខ ។ មន្ត្រីសហរដ្ឋអាមេរិក និងចិនបាននិយាយទៀតថា លោក Trump និងលោក Xi អាចនឹងជួបគ្នាចំនួន៤ដងនៅឆ្នាំ ២០២៦ រួមបញ្ចូលទាំងកិច្ចប្រជុំក្រុមប្រទេស G20 នៅទីក្រុង Miami និងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុង Guangzhou នាចុងឆ្នាំ២០២៦៕
សម្រួលអត្ថបទ៖ សុផារិន្ទ



