ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជួបសំណេះ សំណាល និងសួរសុខទុក្ខជាមួយកសិករជាង៥០០នាក់ក្នុងស្រុកលើកដែក
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)បានអញ្ជើញចូលរួមជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាកសិករជាង៥០០នាក់នៅក្នុងស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ ។
ពិធីជួបសំណេះសំណាលនេះ ប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកលើកដែក ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល,លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែក ក្រុមការងារបណ្តាញកសិករតេជោ,មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុកស្អាង ការិយាល័យកសិកម្មស្រុក មេឃុំទូទាំងស្រុក មេភូមិគ្រប់ភូមិ រួមនិងកសិករប្រមាណ៥៣៩នាក់ផ្សេងទៀត។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ក្នុងនាមជាប្រធានសមាគមបណ្តាញកសិករតេជោ និងក្នុងនាមជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់បម្រើដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល បានដឹងថាបងប្អូនប្រជាកសិករជួបការលំបាកធំៗមួយចំនួន ៖ទី១) បងប្អូនកសិករខ្វះដើមទុនសម្រាប់ធ្វើការងារកសិកម្ម, ទី២) បងប្អូនកសិករធ្វើកសិកម្មបានផលហើយលក់មិនសូវដាច់និងបានតម្លៃទាបនិង ទី៣) ការធ្វើកសិកម្មរបស់បងប្អូនក្នុងរដូវខ្លះបានផលនិងពេលខ្លះពុំសូវបានផល ហើយប្រឈមជាមួយនិងការប្រែប្រួលអាកាសធាតុ ។
ស្របពេលកសិករជួបញ្ហាក្នុងវិស័យកសិកម្ម និងដើម្បីធ្វើកសិកម្មចៀសវាងការខាតបង់ ឯកឧត្តមបណ្ឌិត បានលើកលើកទឹកចិត្តដល់កសិករគប្បីស្វែងយល់ការធ្វើកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនក្នុងតំបន់ដើម្បីធានាតម្លៃកសិផល។លើសពីនេះឯកឧត្តម ជំរុញឱ្យកសិករស្វែយល់ពីថ្លៃដើមផលិតឱ្យបានច្បាស់ដើម្បីងាយស្រួលក្នុងការសម្រេចចិត្តមុនលក់កសិផលរបស់ខ្លួន បើពុំដូច្នោះទេការធ្វើកសិកម្មរបស់កសិករពិបាកនិងរកប្រាក់ចំណេញ។
ស្ថិតក្នុងកាលៈទេសៈពិភពលោកកំពុងជួបបញ្ហាជាមួយនិងការប្រែប្រួលអាកាសធាតុ និងបញ្ហាសង្គ្រាម ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា ជាពេលវេលាដែលប្រទេសកម្ពុជាមានឱកាសធំក្នុងការផលិតដើម្បីជំនួសឱ្យនាំចូលមកពីខាងក្រៅ និងបង្កើនការផលិតសម្រាប់ការនាំចេញឱ្យបណ្តាប្រទេសដែលមានតម្រូវការ។ ប្រទេសកម្ពុជាតូចតែប្រជាជនកម្ពុជា ៦៥ភាគរយសុទ្ធ តែមានភាពវ័យក្មេងដែលជាកំម្លាំងពលកម្មដ៏សំខាន់ ដែលធនាគារពិភពលោកបានវាយតម្លៃថា នេះវាផលលាភបែបប្រជាសាសន៍របស់ខ្មែរ ត្រូវទាញយកពីផលលាភនេះឱ្យបានច្រើនបំផុត តាមរយៈការធ្វើកសិកម្ម ឧស្សាហកម្មជាដើម។
ឯកឧត្តមបណ្ឌិត លើកឡើងថា មុខរបរកសិកម្មនេះវាមិនទៅណាឆ្ងាយពីកម្ពុជា ឬអាចបាត់បង់ទៅណានោះទេ បងប្អូនកសិករនៅអាចធ្វើកសិកម្មដើម្បីឱ្យគ្រួសារមានជីវភាពធូរធារបាន។ ប៉ុន្តែបងប្អូនត្រូវរកឱ្យឃើញនូវថ្លៃដើមផលិតរបស់ខ្លួន កុំធ្វើកសិកម្មដើម្បីតែការកម្សាន្ត ព្រោះការធ្វើបែបនេះវាមិនទទួលបានប្រាក់ចំណេញនោះទេ ពិសេសនៅក្នុងដំណាក់កាលជី ចំណីសត្វ និងប្រេងឡើងថ្លៃ ដោយសារសង្គ្រាមនៅតាមតំបន់។
ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា ការជួបសំណេះ សំណាលនៅថ្ងៃ នៅមានគោលបំណងចង់ផ្សព្វផ្សាយពីសមាគមបណ្តាញកសិកតេជោដល់បងប្អូនឱ្យបានដឹង ដោយសមាគមមួយនេះបង្កើតឡើងមានគោលបំណង៖ទី១) ធ្វើជាស្ពានឱ្យបងប្អូនកសិករដើរឆ្លងនិងតួនាទី២) ធ្វើជាខែលការពារឱ្យបងប្អូនកសិករបាន។
ឯកឧត្តបណ្ឌិត គូសបញ្ជាក់ថា តួនាទីជាស្ពាននេះគឺ បងប្អូនកសិករអាចដើរទៅរកប្រភពទុនផ្នែកហិរញ្ញវត្ថុដើម្បីធ្វើមុខរបរក្នុងវិស័យកសិកម្ម ,បងប្អូនកសិករអាចដើរឆ្លងទៅរកបច្ចេកទេសក្នុងការដាំដុះនិងការចិញ្ចឹម និងធ្វើជាស្ពានសម្រាប់តភ្ជាប់បងប្អូនកសិករទៅរកទីផ្សារផងដែរ៕



