អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពសំណង់ស្ពានបេតុង ស្ទឹងឆ្វេង ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាស ឯកឧត្តមដឹកនាំមន្ត្រីបច្ចេកទេស និងក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានបេតុង ស្ទឹងឆ្វេង ខេត្តកំពង់ចាម បានថ្លែងថា សំណង់ប្រវត្តិសាស្ត្រ ចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលេចជារូបរាងឡើង និងបានអនុញ្ញាតឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាបណ្តោះអាសន្នផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា នៅអំឡុងឆ្នាំ២០២៤ បន្ទាប់ពីមានការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការកសាងស្ពានឈើមួយកន្លែង ស្ថិតនៅតំបន់ស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ក្មួយៗសិស្សានុសិស្ស នារដូវទឹកឡើង ពោលគឺតាមរយៈការស្នើសុំរបស់រដ្ឋបាលខេត្តកំពង់ចាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចផ្តល់ការស្ថាបនាជាស្ពានបេតុងតែម្តង ដើម្បីសម្រួលដល់ ការធ្វើដំណើរបានយូរអង្វែង និងសុវត្ថិភាពទៀតផង។
ឯកឧត្តម បញ្ជាក់បន្ថែមថា គម្រោងស្ថាបនាស្ពានស្ទឹងឆ្វេងនេះ គឺជាស្ពានបេតុង សរសៃដែកប្រវែង ៨៤ម៉ែត្រ ទទឹង ១០ម៉ែត្រ ក្នុងនោះក៏មានការស្ថាបនាផ្លូវសងខាងក្បាលស្ពាន ប្រភេទកៅស៊ូពីរស្រទាប់ស្តើង (DBST) ប្រវែង ២៨៧ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម ១ម៉ែត្រសងខាង ដែលគ្រោងត្រូវប្រាស់ពេលវេលាសាងសង់រយៈពេល ១ឆ្នាំ ហើយបើគិតមកដល់ ពេលនេះ សំណង់ខាងលើ សម្រេចបានប្រមាណ 90%ហើយ៕



