អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីកិច្ចប្រជុំក្របខ័ណ្ឌគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីពិនិត្យលើ «សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០»

នាព្រឹកថ្ងៃ ពុធ ទី ១៣ ខែ ឧសភា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល

បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើ «សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ដោយមានការអញ្ជើញចូលរួមពីលោកជំទាវអគ្គទេសាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ។

រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១” ដែលជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមប្រកបដោយចីរភាព, បរិយាបន្ន, ភាពធន់នឹងវិបត្តិ និងសមធម៌ ។ ក្នុងទស្សនវិស័យវែងឆ្ងាយប្រកបដោយក្តីសង្ឃឹម, ជឿជាក់ និងឆន្ទៈមោះមុត, “បច្ចេកវិទ្យា” ត្រូវបានកំណត់យកជាអាទិភាពគន្លឹះមួយថ្មី ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ សំដៅបម្រើបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ក្រោមម្លប់សុខសន្តិភាព, វិបុលភាព និងវឌ្ឍនភាព ។ រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិ និងកំណើនផលិតភាពសេដ្ឋកិច្ច ប្រកបដោយពិពិធភាព និងជវភាព ដោយមានការរួមចំណែកពីវិស័យឯកជន ជាពិសេស ធុរកិច្ចថ្មី (Startup) ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលបានសម្រេចប្រគល់ភារកិច្ចជូន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរ-កិច្ចឌីជីថល ដឹកនាំសម្របសម្រួលរៀបចំ «សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ដើម្បីជាឯកសារគោលមួយ ជួយតម្រង់ទិសក្នុងការកសាង និងអភិវឌ្ឍធុរកិច្ចថ្មី នៅកម្ពុជា ឱ្យបានរីកលូតលាស់ថែមទៀត ។

«សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» មានចក្ខុវិស័យ ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ, រស់រវើក និងបរិយាបន្ន ដែលអាចពូនជ្រុំសហគ្រិននវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ ដើម្បីអភិវឌ្ឍធុរកិច្ចថ្មីឱ្យក្លាយជាក្រុមហ៊ុនដែលមានសមត្ថភាពប្រកួតប្រជែង និងលូតលាស់រហ័ស សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។ “យុទ្ធសាស្រ្តជាតិ” នេះ មានគោលបំណង អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា ឱ្យមានបរិយាកាសអំណោយផល និងមានការតភ្ជាប់ជាប្រព័ន្ធ ដើម្បីគាំទ្រធុរកិច្ចថ្មីគ្រប់ដំណាក់កាលក្នុងការចាប់ផ្តើម, លូតលាស់, ពង្រីកទីផ្សារ, ទទួលបានមូលធន, អភិវឌ្ឍសមត្ថភាពឱ្យអាចប្រកួតប្រជែងបានទាំងក្នុងស្រុក, តំបន់ និងទីផ្សារអន្តរជាតិ ព្រមទាំងបង្កើនការរួមចំណែករបស់ធុរកិច្ចថ្មីក្នុងផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ។

“សេចក្តីព្រាងយុទ្ធសាស្ត្រ” នេះ ត្រូវបានរៀបចំឡើង ដោយឆ្លងកាត់នូវការពិគ្រោះយោបល់ ជាបន្តបន្ទាប់ ជាមួយគ្រប់តួអង្គពាក់ព័ន្ធ ទាំងរដ្ឋ, ឯកជន និងដៃគូអភិវឌ្ឍន៍, ការសិក្សា និងសំយោគពីបទពិសោធន៍ និងម៉ូដែលអន្តរជាតិ, ការធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅបណ្តាប្រទេសមួយចំនួនដែលមានការរីកចម្រើនផ្នែកធុរកិច្ចថ្មី ទាំងក្នុងតំបន់ និងសកលលោក ដើម្បីធានាថា នៅពេលដែលសេចក្តីព្រាងនេះត្រូវបានដាក់ឱ្យអនុវត្ត, គ្រប់តួអង្គពាក់ព័ន្ធប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី អាចចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ជាលទ្ធផល, បន្ទាប់ពីពិនិត្យ ពិភាក្សា និងបន្ថែមធាតុចូលដើម្បីឲ្យកាន់តែគ្រប់ជ្រុងជ្រោយ, អង្គប្រជុំ បានសម្រេចឱ្យបន្តនីតិវិធីស្នើសុំការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ឱ្យអនុវត្ត «សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០»នេះ ជាផ្លូវការ នាពេលខាងមុខ ។