ក្រោយទទួលព័ត៌មានច្បាស់ការណ៍ស្តីអំពីករណីលួចនាំស្ករសចូលពីប្រទេសថៃមកលាក់ទុកក្នុងភូមិសាស្ត្រស្រុកទឹកឈូដើម្បីក្លែងបន្លំជាទំនិញរបស់ប្រទេសវៀតណាម គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតបានចុះស្រាវជ្រាវរហូតប្រទះឃើញជាក់ស្តែង និងឈានទៅរឹបអូសដើម្បីចាត់ការតាមនីតិវិធី។
តាមការប្រាប់ឱ្យដឹងពីក្រុមការងារថា ដោយទទួលព័ត៌មានពីប្រភពច្បាស់ការណ៍នូវករណីលួចនាំទំនិញពីប្រទេសថៃមកលាក់ទុកនៅសិប្បកម្មវេចខ្ចប់ខុសច្បាប់ស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក ម៉ៅ ធនិន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានដឹកនាំកម្លាំងចម្រុះចុះដល់គោលដៅភ្លាមៗ។ ប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញភស្តុតាងនៃបទល្មើសដោយម្ចាស់ទីតាំងបានលួចបន្លំផ្លាស់ប្តូរសម្បកបាវស្ករសដែលមានអក្សរថៃផ្ទេរចូលសម្បកបាវប្រើអក្សរវៀតណាមដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងបន្លំប្រភពទំនិញនៅលើទីផ្សារ។
ក្រុមការងារបានបន្តថា ពាក់ព័ន្ធនឹងករណីនេះ លោកប្រធានគណ:បញ្ជាការឯកភាពខេត្តបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែងឡើយ។ ដូច្នេះ សមត្ថកិច្ចនឹងបន្តស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធតាមរយៈការកោះហៅអ្នកដែលបានមកទិញស្ករសនៅទីតាំងខាងលើមកសាកសួររួចធ្វើកំណត់ដើម្បីស្រាវជ្រាវរកខ្សែបណ្តាញ។ ហេីយបច្ចុប្បន្នកម្លាំងជំនាញកំពុងសហការជាមួយតំណាងអយ្យការអមសាលាដំបូងខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



