រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន ដើម្បីការងារសមរម្យ»
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីមិទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន ដើម្បីការងារសមរម្យ» ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងបងប្អូនកម្មករនិយោជិតសរុបប្រមាណ ៥០០នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងនូវការកោតសរសើរចំពោះបងប្អូនកម្មករនិយោជិត និងម្ចាស់សហគ្រាសទាំងអស់ ដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចខេត្ត។ ឯកឧត្តម បានជំរុញឱ្យម្ចាស់សហគ្រាស និងបងប្អូនកម្មករ ត្រូវបន្ត ការងារដោយសន្តិវិធី និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីរក្សានិរន្តរភាពការងារ និងកិត្យានុភាពជាតិ។ បងប្អូនកម្មករ និងយុវជន ត្រូវខិតខំរៀនសូត្រ និងចាប់យកជំនាញបច្ចេកទេសថ្មីៗ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារក្នុងសម័យឌីជីថល និងសហគមន៍សេដ្ឋកិច្ចអាស៊ាន ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម បានលើកទឹកចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុក ឱ្យមកចុះឈ្មោះចូលជាសមាជិក ប.ស.ស. ឱ្យបានគ្រប់គ្នា ដើម្បីទទួលបាននូវការថែទាំសុខភាព និងការគាំពារផ្សេងៗក្នុងគ្រាមានអាសន្ន។ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈស្មារតីនៃទិវាពលកម្មអន្តរជាតិ ១ឧសភា នឹងបន្តធ្វើឱ្យវិស័យការងារក្នុងខេត្តមណ្ឌលគិរី កាន់តែមានភាពរីកចម្រើន ធានាបាននូវ «ការងារសមរម្យ» និងជីវភាពដ៏ប្រសើរជូនប្រជាពលរដ្ឋគ្រប់រូប ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
តាមរបាយការណ៍វឌ្ឍនភាពសង្ខេបរបស់ លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានបង្ហាញឱ្យឃើញនូវលទ្ធផលផ្លែផ្កាជាច្រើនក្នុងដើមឆ្នាំ២០២៦ តាមរយៈក្រសួងបានដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម ទាក់ទងទៅនឹងគ្រប់គ្រងទិន្នន័យ ស្ថិតិសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន សរុបចំនួន ២៣២សហគ្រាស កម្មករនិយោជិតសរុបចំនួន ៤,៦៧៦នាក់ ស្រី១,៦២៧នាក់ ក្នុងនោះជនបរទេសសរុបចំនួន២១៤ នាក់ស្រី ២៧នាក់។ លោក បញ្ជាក់ថា ដោយមានកិច្ចសហការរវាងមន្ទីរ និងអធិការក្រុង/ស្រុកទាំង៥ មានពលករចំណាកស្រុក ទៅធ្វើការនៅក្រៅប្រទេសសរុបចំនួន ១៨៧នាក់ ស្រី ៦៩នាក់ និងបានវិលត្រឡប់មកវិញសរុបចំនួន១០៧នាក់ ស្រី ៤១នាក់។ លោក បន្តថា រាជរដ្ឋាភិបាលបានបន្តបើកផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ និងការពិនិត្យសុខភាពតាមរយៈមូលដ្ឋានសុខាភិបាលចំនួន ១៨កន្លែងក្នុងខេត្ត។ យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ៦០៨នាក់ បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ដោយទទួលបានការសិក្សាមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ម៉ឺនរៀលថែមទៀត ៕



