កិច្ចប្រជុំកំពូល Africa Forward គួរតែផ្អែកលើសមភាពនិងការវិនិយោគ ជាជាងពឹងផ្អែកលើជំនួយឬការកេងប្រវ័ញ្ចគ្នា! បន្ទាប់ទំនាក់ទំនងរវាងបារាំងនិងប្រទេសអាហ្រ្វិកក្រោមប្រព័ន្ធ Françafrique
ការអំពាវនាវឱ្យមានការគោរពគ្នាទៅវិញទៅមកបានគ្របដណ្ដប់លើកិច្ចប្រជុំកំពូល Africa Forward កាលពីថ្ងៃអង្គារនេះ ខណៈដែលប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសពីការវិនិយោគថ្មីសំខាន់ៗ និងបានសង្កត់ធ្ងន់លើអធិបតេយ្យភាពជាមូលដ្ឋានគ្រឹះនៃភាពជាដៃគូឡើងវិញរវាងបារាំង និងប្រទេសអាហ្វ្រិកដែរ។ លោក Macron បានគូសបញ្ជាក់ពីកញ្ចប់វិនិយោគចំនួន២៣ពាន់លានអឺរ៉ូ ដែលផ្តោតលើវិស័យសំខាន់ៗ រួមទាំងថាមពល បញ្ញាសិប្បនិម្មិត និងកសិកម្ម។ ក្នុងចំណោមថវិកាសរុបនោះ មាន១៤ពាន់លានអឺរ៉ូនឹងមកពីក្រុមហ៊ុនបារាំង ខណៈដែល៩ពាន់លានអឺរ៉ូនឹងត្រូវបានចូលរួមវិភាគទានដោយអង្គភាពអាហ្វ្រិក។ លោកបានពិពណ៌នាអំពីគំនិតផ្តួចផ្តើមនេះថាជាការផ្លាស់ប្តូរហិរញ្ញវត្ថុនៅក្នុងទំនាក់ទំនងរវាងបារាំង និងប្រទេសអាហ្វ្រិក រួមទាំងប្រទេសដែលធ្លាប់ជាអាណានិគមរបស់ខ្លួនផងដែរ។ ប្រធានបទនៃអធិបតេយ្យភាពបានលេចធ្លោពាសពេញមួយកិច្ចប្រជុំកំពូលនោះ។ លោកប្រធានាធិបតីកេនយ៉ា William Ruto ដែលជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះជាមួយបារាំង បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា អាហ្វ្រិកកំពុងផ្លាស់ប្តូរពីការពឹងផ្អែកលើអឺរ៉ុប ផ្ទុយទៅវិញអាហ្វ្រិកកំពុងស្វែងរកទំនាក់ទំនងដែលមានមូលដ្ឋានលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួមដែរ។ លោកបាននិយាយថា ភាពជាដៃគូនាពេលអនាគតគួរតែផ្អែកលើសមភាព និងការវិនិយោគជាជាងការពឹងផ្អែកលើជំនួយ ឬការកេងប្រវ័ញ្ចគ្នា។ កិច្ចប្រជុំកំពូលនេះត្រូវបានកំណត់បញ្ចប់ជាមួយនឹងសេចក្តីប្រកាសរួមមួយដែលបានចុះហត្ថលេខាដោយប្រមុខរដ្ឋ និងរដ្ឋាភិបាលចំនួន៣០រូប។ វាបានធ្វើឡើងនៅពេលដែលទំនាក់ទំនងចាប់ផ្តើមតានតឹងរវាងបារាំង និងអតីតអាណានិគមជាច្រើនរបស់ខ្លួនដែរ ជាពិសេសនៅអាហ្វ្រិកខាងលិច។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប្រទេសបារាំងបានរក្សាឥទ្ធិពលសេដ្ឋកិច្ច នយោបាយ និងយោធាយ៉ាងសំខាន់នៅក្នុងតំបន់នេះ ក្រោមប្រព័ន្ធមួយដែលជារឿយៗត្រូវបានគេហៅថា Françafrique ដែលរួមបញ្ចូលទាំងការដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ដែរ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការរិះគន់ជាបន្តបន្ទាប់ពីរដ្ឋាភិបាល និងក្រុមប្រឆាំងនៅក្នុងប្រទេសដូចជា ម៉ាលី នីហ្សេ និង ប៊ូគីណាហ្វាសូ ប្រទេសបារាំងបានកាត់បន្ថយវត្តមានយោធារបស់ខ្លួនដែរ។ ដោយខ្លួនបានបញ្ចប់ការដកកងទ័ពចេញពីប្រទេសសេណេហ្គាល់នៅក្នុងខែកក្កដា។ លោក Macron បាននិយាយថា ប្រទេសបារាំងនឹងគោរពឯករាជ្យភាពរបស់ប្រជាជាតិអាហ្វ្រិក ដោយពណ៌នាអំពីអធិបតេយ្យភាព និងស្វ័យភាពថាជាគោលការណ៍រួមដែលផ្សារភ្ជាប់ទៅនឹងភាពជោគជ័យទៅវិញទៅមក។ លោកបានបន្ថែមថា វិធីសាស្រ្តថ្មីរបស់ប្រទេសបារាំងនឹងផ្លាស់ប្តូរពីគំរូជំនួយប្រពៃណីទៅជាការវិនិយោគរួមគ្នា និងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចរួមគ្នា។ លោកក៏បានបញ្ជាក់ពីអ្វីដែលលោកបានពិពណ៌នាថាជាអារម្មណ៍សាមគ្គីភាពដ៏រឹងមាំក្នុងចំណោមមេដឹកនាំអាហ្វ្រិកនៅក្នុងកិច្ចប្រជុំកំពូល ដោយពណ៌នាថាវាជាសញ្ញានៃទ្វីបមួយដែលតម្រឹមជុំវិញគោលដៅរួម និងរបៀបវារៈរួមសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតជាមួយគ្នាដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



