រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងសេចក្តីព្រាងច្បាប់ស្តីពីការធានាទូទាត់របស់រាជរដ្ឋាភិបាល ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។

សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា មានចំនួន ៨ ជំពូក និង ២០ មាត្រា។ រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តនិរន្តរភាពគោលការណ៍គ្រឹះរឹងមាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ កងយោធពលខេមរភូមិន្ទ បានកំពុងអនុវត្តភារកិច្ចការពារជាតិ ចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ និងជួយសង្គ្រោះគ្រប់រូបភាព និងអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលទាន់ពេលវេលា។

កាតព្វកិច្ចយោធា គឺជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ អប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ។

ក្រោយពីបានពិភាក្សាយ៉ាងផុលផុស តាមនីតិវិធី រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ជាឯកច្ឆន្ទ ក្នុងសំឡេងគាំទ្រចំនួន ១១៤ នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម រួមមាន ៣ មាត្រា។
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍវិស័យថាមពល ទាំងប្រភពថាមពល និងបណ្តាញបញ្ជូនអគ្គិសនី ដើម្បីធានានិរន្តរភាព ស្ថិរភាព ប្រសិទ្ធភាព តម្លៃសមរម្យ និងឆ្លើយតបទៅនឹងកំណើនតម្រូវការអគ្គិសនី។

ក្រោយពីបានពិភាក្សាយ៉ាងផុលផុសតាមនីតិវិធី រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម ជាឯកច្ឆន្ទ ដោយមានសំឡេងគាំទ្រចំនួន ១១៤ សំឡេង លើចំនួនសមាជិករដ្ឋសភាទាំងមូល៕