ឯកឧត្តម ថង សាវុន អញ្ជើញទទួលថវិកាចំនួន 50,446.35 ដុល្លារអាមេរិក ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

(ខេត្តកំពង់ចាម) ៖ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី រួមទាំងសហការី បានអញ្ជើញទទួលថវិកាចំនួន 50,446.35 ដុល្លារអាមេរិក ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម សម្រាប់សាងសង់អណ្តូងទឹកស្អាតបំពាក់សូឡា ចំនួន៩អណ្តូង ស្ថិតក្នុងស្រុកកោះញែក និងស្រុកកែវសីមា ដែលប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម។

ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសាខាកាកបាទក្រហបកម្ពុជា ខេត្តកំពង់ចាម ដែលបានឧបត្ថម្ភថវិកា សម្រាប់សាងសង់អណ្តូងទឹកស្អាតបំពាក់សូឡា ចំនួន៩អណ្តូង ស្ថិតក្នុងស្រុកកោះញែក និងស្រុកកែវសីមា។ ឯកឧត្តម បញ្ជាក់ថា សាខានឹងយកចិត្តទុកដាក់ប្រើប្រាស់ថវិកានេះ សម្រាប់សាងសង់អណ្ដូងទឹកស្អាតជូនប្រជាពលរដ្ឋ ដែលកំពុងប្រឈមការខ្វះខាតទឹកប្រើប្រាស់ បានត្រឹមត្រូវ ចំគោលដៅ និងមានតម្លាភាព ។

ឯកឧត្តម ថង សាវុន សូមប្រសិទ្ធពរ បវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំប្បីឃ្លៀងឃ្លាតឡើយ ៕