មន្ទីរព័ត៌មានខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំពិនិត្យវាយតម្លៃការងារ និងលើកទិសដៅអនុវត្តន៍បន្ត

ខេត្តព្រះសីហនុ៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលទ្ធផលការងារកន្លងមក ដើម្បីពង្រឹងប្រសិទ្ធភាពការងារព័ត៌មានក្នុងខេត្តឱ្យកាន់តែប្រសើរឡើង។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកទទួលបន្ទុកការងារមន្ទីរព័ត៌មានខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពី លោកប្រធានស្តីទីមន្ទីរ លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់នៅក្នុងមន្ទីរព័ត៌មានខេត្ត។

នៅក្នុងឱកាសនេះ លោកប្រធានស្ដីទីក៏បានធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារដែលសម្រេចបាន ព្រមទាំងបានបើកបង្ហាញដោយត្រង់ទៅត្រង់មកនូវរាល់បញ្ហាប្រឈម និងសំណូមពរនានាដែលបានជួបប្រទះក្នុងប្រតិបត្តិការការងារប្រចាំថ្ងៃ។ កិច្ចពិភាក្សានេះផ្តោតសំខាន់លើការពង្រឹងគុណភាពនៃការផ្សព្វផ្សាយព័ត៌មានឱ្យទាន់ហេតុការណ៍។ ការសម្របសម្រួលបច្ចេកទេស និងសម្ភារបរិក្ខារសម្រាប់មន្ត្រីជំនាញ។ ការលើកកម្ពស់សមត្ថភាពមន្ត្រី ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាឌីជីថល។

ជាមួយគ្នានោះដែរ ឯកឧត្តមបានផ្តល់នូវគន្លឹះមួយចំនួនរួមមាន ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ត្រូវរក្សាទំនាក់ទំនងល្អ និងកិច្ចសហការរវាងការិយាល័យជំនាញ ដើម្បីឱ្យលំហូរការងារប្រព្រឹត្តទៅបានរលូន។ វិជ្ជាជីវៈសារព័ត៌មាន ត្រូវបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ផ្សាយព័ត៌មានដែលត្រឹមត្រូវ ច្បាស់លាស់ និងមានតុល្យភាព។ ការដោះស្រាយបញ្ហាប្រឈម ចំពោះរាល់សំណូមពរ និងបញ្ហាដែលមន្ត្រីបានលើកឡើង ឯកឧត្តមនឹងយកទៅពិភាក្សា និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីគាំទ្រដល់កិច្ចប្រតិបត្តិការរបស់មន្ទីរឱ្យកាន់តែមានភាពរីកចំរើន៕

 

រូបភាព៖ សុីថាត់

អត្ថបទ៖ ស្រីមុំ