បញ្ហាក្មេងទំនើង បង្ករអនាធិបតេយ្យភាព ដោយការលួចឆក់ប្លន់ក្នុងប្រទេសហៃទីបានធ្វើឱ្យមនុស្ស១.៤លាននាក់ត្រូវផ្លាស់ទីលំនៅ បន្ទាប់ពីប្រទេសនេះគ្មានប្រធានាធិបតីដឹកនាំជាង៤ឆ្នាំ

រលកថ្មីនៃអំពើហិង្សារបស់ក្រុមក្មេងទំនើងនៅក្នុងរដ្ឋធានីនៃប្រទេសហៃទីបានបង្ខំឱ្យមនុស្សរាប់រយនាក់រត់គេចខ្លួនពីផ្ទះសម្បែងរបស់ពួកគេកាលពីចុងសប្តាហ៍នេះ ដោយបន្សល់ទុកនូវសមាជិកគ្រួសារដែលខ្ចាត់ខ្ចាយតាមបណ្តោយផ្លូវទៅកាន់អាកាសយានដ្ឋានដ៏សំខាន់របស់ប្រទេសដែរកាលពីថ្ងៃចន្ទនេះ។ មនុស្សម្នាបានរត់គេចខ្លួនជាមួយនឹងរបស់របរអ្វីផ្សេងៗតាមដែលពួកគេអាចយកតាមខ្លួនបាន ខណៈពេលដែលសំឡេងកាំភ្លើងបានបន្លឺឡើងនៅពីខាងក្រោយខ្នងរបស់ពួកគេ។ កាលពីថ្ងៃនេះ គ្រួសារដែលផ្លាស់ទីលំនៅបានប្រមូលផ្តុំគ្នានៅទីលានសាធារណៈ និងតាមបណ្តោយផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Toussaint Louverture។ ការប៉ះទង្គិចគ្នារវាងក្រុមក្មេងទំនើងបានផ្ទុះឡើងកាលពីចុងសប្តាហ៍នេះ និងនៅទូទាំងសង្កាត់ភាគខាងជើងជាច្រើនកន្លែង ក្នុងរដ្ឋធានី Port-au-Prince (ព័រអូប្រាំង) របស់ប្រទេស។ សេចក្តីថ្លែងការណ៍របស់អង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) បាននិយាយថា មន្ទីរពេទ្យរបស់ខ្លួននៅក្នុងឃុំ Cité Soleil និង Croix-des-Bouquets បានស្ថិតនៅក្នុង “ចំនុចកណ្តាលនៃការប៉ះទង្គិចគ្នា” ចាប់តាំងពីថ្ងៃអាទិត្យមក។ ក្នុងរយៈពេលត្រឹមតែ១២ម៉ោងប៉ុណ្ណោះ ក្រុមរបស់យើងបានព្យាបាលមនុស្សជាង៤០នាក់ដែលមានរបួសដោយគ្រាប់កាំភ្លើង។ ឆ្មាំសន្តិសុខម្នាក់ក៏ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ដែរ នេះជាសំដីរបស់លោក Davina Hayles ជាប្រធានបេសកកម្ម MSF នៅប្រទេសហៃទីបានសរសេរបង្ហោះ។ ក្រុមក្មេងទំនើងបានគ្របដណ្ដប់លើទីក្រុងព័រអូប្រាំងជាង ៩០% ចាប់តាំងពីការធ្វើឃាតប្រធានាធិបតី Jovenel Moïse ក្នុងខែកក្កដា ឆ្នាំ២០២១ នៅ ផ្ទះរបស់លោក។ ប៉ូលីសបាននិយាយថា ពួកគេបានពង្រីកសកម្មភាពរបស់ខ្លួន រួមទាំងធ្វើសកម្មភាពលួចឆក់ប្លន់ ចាប់ជំរិត រំលោភបំពានផ្លូវភេទ សម្លាប់តាមទីជនបទជាដើម។ ប្រទេសហៃទីមិនទាន់មានប្រធានាធិបតីទេ ចាប់តាំងពីការធ្វើឃាតលោក Jovenel Moïse មក។ នៅចុងខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តផែនការមួយដើម្បីអនុញ្ញាតឱ្យមានសមាជិកកងកម្លាំង៥៥៥០នាក់ ដែលមិនទាន់មកដល់ប្រទេសដែនកោះនេះពេញលេញនៅឡើយទេ។ កងទ័ពមួយចំនួនដែលមិនស្គាល់អត្តសញ្ញាណមកពីប្រទេសឆាដក៏ត្រូវបានគេដាក់ពង្រាយរហូតមកដល់ពេលនេះដែរ។ របាយការណ៍មួយដែលបានចេញផ្សាយកាលពីដើមឆ្នាំនេះដោយអង្គការអន្តរជាតិសម្រាប់អន្តោប្រវេសន៍ជន បានរកឃើញថាអំពើហិង្សារបស់ក្រុមក្មេងទំនើងបានធ្វើឱ្យមនុស្សជាង ១.៤លាននាក់នៅក្នុងប្រទេសហៃទីផ្លាស់ទីលំនៅ និងមនុស្សប្រហែលជា២០ម៉ឺននាក់ក្នុងចំណោមពួកគេបច្ចុប្បន្នកំពុងរស់នៅក្នុងកន្លែងដែលមានមនុស្សច្រើនកុះករ និងខ្វះថវិកាក្នុងជីវភាពនៅក្នុងរដ្ឋធានីដ៏ធំរបស់ប្រទេសដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ