មន្ទីរសាធារណខេត្តមណ្ឌលគិរី ដាក់គ្រឿងចក្រជួសជុលផ្លូវ ដែលរងការខូចខាត ជាង ១.០០០ម៉ែត្រ

ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានចាប់ផ្តើមចល័តគ្រឿងចក្រ ដើម្បីស្ថាបនា ជួសជុល និងថែទាំផ្លូវកៅស៊ូមួយខ្សែ ដែលរងការខូចខាត មានប្រវែងសរុបជាង ១.០០០ម៉ែត្រ ស្ថិតនៅក្នុងក្រុងសែនមនោរម្យ។

ឯកឧត្តម រស់ គីមធន់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលតែងតែឆ្លងកាត់ផ្លូវកៅស៊ូរងការខូចខាតមួយខ្សែនេះ មន្ត្រីជំនាញបានចាប់ផ្ដើមចល័តគ្រឿងចក្រ ពីតំបន់ផ្សេងៗ ដើម្បីពន្លឿនការស្ថាបនា និងជួសជុលផ្លូវឱ្យបានឆាប់រហ័ស ស្របតាមតម្រូវការជាក់ស្តែង និងធានាសុវត្ថិភាពក្នុងការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ផ្លូវដែលក្រុមការងារកំពុងស្ថាបនានេះ មានប្រវែង ១,០៨០ម៉ែត្រ ចាប់ពីមុខមន្ទីរវប្បធម៌ខេត្ត ឆ្ពោះទៅផ្លូវបំបែករមណីយដ្ឋានដំណាក់ស្តេច ស្ថិតក្នុងសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ។

ឯកឧត្តមបញ្ជាក់ថា ផ្លូវកៅស៊ូមួយខ្សែនេះ កន្លងមក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តែងតែធ្វើការថែទាំ និងជួសជុលជាប្រចាំ ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ និងលើកកម្ពស់គុណភាពនៃការបើកបរ។ ទោះយ៉ាងណា ដោយសារជំនន់ទឹកភ្លៀងក្នុងរដូវវស្សា និងមានរថយន្តធ្វើចរាចរណ៍ឆ្លងកាត់ជារៀងរាល់ថ្ងៃ ស្របពេលផ្លូវមានសភាពទ្រុឌទ្រោមផងនោះ បានបណ្ដាលឱ្យផ្លូវហូរច្រោះ បែកក្បាលថ្ម និងកើតមានចង្ហុកសម្បុកមាន់ជាច្រើន។

សូមជម្រាបថា ការស្ថាបនា និងជួសជុលផ្លូវនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋបានស្នើសុំទៅអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ក្រោយពេលជួបការលំបាកក្នុងការធ្វើដំណើរជាយូរឆ្នាំមកហើយ ជាពិសេសការធ្វើដំណើរចូលទីរួមខេត្ត និងការធ្វើដំណើរទៅសាលារៀនរបស់សិស្សានុសិស្ស៕