សាសនិកឥស្លាមកម្ពុជា ចាប់ផ្តើមចេញដំណើរទៅបំពេញកាតព្វកិច្ចធម្មយាត្រាហាជ្ជី នៅប្រទេសអារ៉ាប៊ីសាអូឌីត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញសំណេះសំណាល និងជូនដំណើរសាសនិកឥស្លាមកម្ពុជាចំនួន៦០រូប ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជី នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ជើងទី១ នៃឆ្នាំ២០២៦ នាល្ងាចថ្ងៃ១០ ខែឧសភា ឆ្នាំ២០២៦ នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា ការចេញដំណើរនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ខណៈឆ្នាំនេះមានសាសនិកឥស្លាមកម្ពុជាចំនួន១,២១០ នាក់ ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជីនេះ ក្នុងនោះបងប្អូនចំនួន ១,២០០ នាក់ បានចំណាយថវិកាផ្ទាល់ខ្លួន
ដែលសរុបទាំងអស់ចំនួន ៧,៤៤០,០០០ ដុល្លារអាមេរិក ដោយក្នុងម្នាក់ៗចំណាយ ៦,២០០ ដុល្លារអាមេរិក។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ក្នុងចំណោមសាសនិកឥស្លាម ១,២១០នាក់ ខាងលើ ក្នុងនោះ១០ នាក់ ទទួលបានព្រះរាជទាន ពីព្រះចៅសាល់ម៉ាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងព្រះរាជទាយាទ ម៉ូហាំម៉ាត់ ពិន សាលម៉ាន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតផងដែរ ដោយគ្មានការបង់ថ្លៃ ដែលចំណាយគិតជាថវិកាចំនួនប្រមាណ 100,000 ដុល្លារ ( ម្នាក់ 10,000 ដុល្លារ) ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ថ្លែងថា ជារៀងរាល់ឆ្នាំ សាសនិកឥស្លាមកម្ពុជា តែងតែចេញដំណើរទៅបំពេញបុណ្យហាជ្ជី នៅប្រទេសអារ៉ាប៊ីសាអូឌីត មានចំនួន ១,២០០ នាក់ជាងជារៀងរាល់ឆ្នាំ ហើយការចេញដំណើររបស់សាសនិកឥស្លាមកម្ពុជា នាពេលនេះ បានបង្ហាញឲ្យឃើញថា សព្វថ្ងៃសាសនិកឥស្លាមកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស មានជីវភាពធូរធារ និងការវិវត្តស្ថានភាពរស់នៅរបស់ខ្លួនឆ្ពោះទៅមុខជាបន្តបន្ទាប់ ដែលជាចំណែកមួយនៃការកើនឡើងនៃសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព សុខដុមរមនា និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើ និងការជូនពរដល់បណ្តាអ្នកដែលអញ្ជើញទៅបំពេញកាតព្វកិច្ច បុណ្យហាជ្ជីនាថ្ងៃនេះ ព្រមទាំងអ្នកចេញដំណើរជាបន្តបន្ទាប់ សូមប្រកបដោយសេចក្តីសុខសុវត្ថិភាព និងបំពេញកាតព្វកិច្ច របស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់ របស់សាសនាឥស្លាម។
សូមជម្រាបថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជី គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទីអញ្ជើញទៅប្រារព្វបុណ្យនេះ នៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត៕



